(ភ្នំពេញ)៖ អ្នកប្រាកដជាបានដឹងពីកំពូលស្មាតហ្វូនដ៏អស្ចារ្យគឺ Samsung Galaxy Note9 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសាមសុង ដែលបានបើកសម្ពោធជាផ្លូវការកាលពីយប់មិញនេះនៅទីក្រុងញ៉ូយ៉កត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨។
បន្ទាប់ពីព្រឹត្តិការណ៏ដ៏គួរឲ្យរំភើប និងជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុង ដែលត្រូវបានដាក់បង្ហាញជូនដល់ពិភពលោកពីទីក្រុងញ៉ូយ៉ក នៅថ្ងៃទី១០ ខែសីហានេះផងដែរ ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានអញ្ចើញអ្នកសារព័ត៌មានជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅភោជនីយដ្ឋានទន្លេបាសាក់ II ក្នុងទីក្រុងភ្នំពេញដើម្បីធ្វើជាសាក្សីនៃការបង្ហាញជាសកលនៃការបើកកំណត់ត្រាថ្មីនៃអច្ឆរិយភាពរបស់អធិរាជស្មាតហ្វូន Samsung Galaxy Note9 ដែលពិភពលោកកំពុងទន្ទឹងរង់ចាំនេះ។
Samsung Galaxy Note9 រក្សារូបរាងរចនាដ៏ទំនើបប្រណីត និងស្រស់ស្អាតបំផុត ជាមួយអេក្រង់ស្ទើរគ្មានគែមនិងកោងនៅគែមទាំងសងខាង លាតភ្លឺច្បាស់ត្រជាក់ភ្នែកផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។ ចំពោះអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy Note9 មានសមត្ថភាពបង្ហាញរូបភាពក្រោមពន្លឺថ្ងៃបានប្រសើរនិងច្បាស់ល្អជាងមុន ដែលមានន័យថា ផ្ទាំងអេក្រង់មានពន្លឺភ្លឺជាងមុន។
Samsung Galaxy Note9 មានបំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ 12 មេហ្គាភិចស៊ែល ជាមួយនឹងកម្រិត Aperture F1.5 មានសមត្ថភាពថតរូបបានកាន់តែស្អាត ប្រកបដោយគុណភាពខ្ពស់ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយរួមនឹងមុខងារថតរូបពិសេសដូចជា Live Focus និង Bokeh Effects ហើយមួយគ្រាប់ទៀតគឺមានទំហំ 12 មេហ្គាភិចសែល (F2.4) សម្រាប់ថត Portrait និងមានសមត្ថភាពទប់លំនឹងបានកាន់តែប្រសើរជាងមុន។ កាមេរ៉ាក្រោយ នេះត្រូវបានក្រុមហ៊ុនរចនាបែបថ្មីដែលមានរាងផ្ដេកនៅចំកណ្ដាល និង មាន LED Flash សម្រាប់ជំនួយដល់ការថតពេលយប់ និងកន្លែងដែលមានពន្លឺទាបរួមជាមួយនឹងការរំកិលទ្រនាប់ស្កេនមកដាក់នៅខាងក្រោមបង្គំកាមេរ៉ាភ្លោះវិញ ដើម្បីជៀសវាងការប៉ះកាមេរ៉ា ពេលចង់ស្កេនម្រាមដៃ។
Note9 មានបំពាក់សេនសឺលើ កាមេរ៉ាខាងមុខនិងមានប្រើប្រាស់ មុខងារដោះសោ Face Recognition ដែលធ្វើឲ្យស្មាតហ្វូននេះកាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ។ សម្រាប់កាមេរ៉ាមុខវិញ Samsung Galaxy Note9 មានភ្ជាប់កាមេរ៉ាទំហំ 8 មេហ្គាភិចសែល អមជាមួយនឹងភ្លើង LED Flash ដែលផ្តល់ជូនអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងស្រស់ស្អាតបំផុត។
បន្ថែមពីនេះ Galaxy Note9 មានទម្ងន់ធ្ងន់ជាង Galaxy Note មុនៗ បន្តិច ដោយមានផ្ទុកថ្មទំហំដល់ ៤០០០ mAhនិងមានថាមពលរហូតដល់ ៤ ០០០mAh កាន់ថ្មបាន ១ ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា និងចាក់វីដេអូបាន ២៣ ទៅ ២៥ ម៉ោង ដែលនេះជាប្រយោជន៍សំខាន់ជួយឲ្យអ្នករីករាយបានយូរដោយគ្មានការរំខាន។
ជាមួយដំណើរការប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ 6 GB/មេមូរី 128 GB ថែមទាំងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់512GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។
លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានថ្លែងថា 《ខ្ញុំមានទំនុកចិត្តនិងជឿជាក់យ៉ាងខ្លាំងក្លាបំផុតទៅលើចំណែកទីផ្សារក្នុងប្រទេសកម្ពុជា របស់ទូរស័ព្ទដៃមួយនេះដែលអាចដណ្តើមយកបានមិនខុសពីជំនាន់មុនៗរបស់ត្រកូល Galaxy នោះឡើយ។លោកបានបន្ថែមថា Samsung Galaxy Note9 ដែលជាស្មាតហ្វូនក្នុងក្ដីសុបិនរបស់អ្នកប្រើប្រាស់ បាននាំមកនូវបទពិសោធថ្មីមួយកម្រិតទៀតដែលពុំធ្លាប់មានពីមុនមក ដែលនឹងធ្វើឲ្យយើងទទួលបានការកម្សាន្តដ៏ល្អឥតខ្ចោះ និងឥតរង្គាសចិត្តឡើយ។ ទូរស័ព្ទម៉ូដែលថ្មីនេះ ជាដៃគូជាទីពេញចិត្តដែលនៅពេលដែលអ្នកបានកាន់ហើយមិនចង់ដាក់ចុះ ហើយជាស្មាតហ្វូនដែលគួរមានក្នុងដៃរបស់អ្នកដែលចូលចិត្តជីវិតស៊ីវិល័យ និងការកម្សាន្តដោយភាពងាយស្រួល》។
Samsung Galaxy Note9 ក៏ជាស្មាតហ្វូនដែលអាចប្រើប្រាស់ស៊ីមបានពីរផងដែរនិងមាន បីពណ៌សម្រាប់ទីផ្សារកម្ពុជាគឺ៖ ពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌ទង់ដែង ដោយមានភ្ជាប់ជាមួយនូវប៊ិច S-Pen ដែលមានការលក្ខណៈវិវត្តន៍ជាងមុន អាចឲ្យអ្នកគូសវាសតាមចំណង់ដែលចង់បាន និងបង្កើតជារូបភាពរស់រវើក ដែលយើង ហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, អាចកត់ត្រាបានភ្លាមៗនៅលើ Screen និង មុខងារបកប្រែភាសាអក្សរនៅលើរូបភាពបានទៀតផង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ S-Penនេះបំពាក់នៅBluetooth ដែលអាចឲ្យS-Penជា Remote control សម្រាប់បញ្ជា Slide , ជាឧបករណ៏បញ្ជាសម្រាប់ថតរូប Selfie និងកែប្រែរូបជាដើម។
ទូរស័ព្ទនេះនឹងដាក់ឲ្យកម៉្មង់ទិញទុកមុន(Pre-Order) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ដល់២១សីហា និងអតិថជនអាចទទួលយកទូរស័ព្ទនៅថ្ងៃទី២២ដល់២៤ ខែសីហា ២០១៨ខាងមុខនេះ ៕