(ភ្នំពេញ)៖ បន្ទាប់ពីចូលរួមវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំឡើងកាលពីម្សិលមិញ អ្នកជាប់ការងារបានថ្លែងអំណរគុណដល់ NEAដែលបានរៀបចំវេទិកាការងារនេះឡើង។
យុវជន ជួន រស្មី ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជំនាញគ្រប់គ្រងពាណិជ្ជកម្មមកពីខេត្តតាកែវ នឹងបានជាប់ការងារនៅក្រុមហ៊ុន DKSH បានលើកឡើងថា វេទិកាការងារនេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សនិស្សិត ដែលស្វែងរកការងារធ្វើ។ រស្មី បន្ថែមថា «មកទីនេះមានការងារច្រើន ពិសេសខ្លួនយើងក៏មានជម្រើសច្រើនក្នុងការសម្រេចចិត្តសម្ភាសការងារ ព្រោះមានក្រុមហ៊ុនច្រើន»។
រស្មី បានបន្តទៀតថា ខ្ញុំពិតជាសប្បាយរីករាយណាស់ ព្រោះមកដល់ភ្លាមបានសម្ភាសភ្លាម ហើយក្រុមហ៊ុនប្រាប់ថាជាប់ ឬធ្លាក់ភ្លាមតែម្តង បើប្រៀបទៅនឹងការដើរដាក់ CV ខាងក្រៅពិបាកបន្តិច គឺយើងត្រូវចំណាយពេលវេលារង់ចាំគេហៅ ពេលខ្លះគេមិនទាក់ទងមកទៀត ក៏មានដែរ។ យ៉ាងណា រស្មី ក៏សូមថ្លែងអំណរគុណដល់ NEA ដែលតែងតែរៀបចំវេទិកាការងារនេះឡើង ដែលធ្វើឱ្យសិស្សនិស្សិត មិនពិបាកដើរដាក់ CV នៅក្រុមហ៊ុនខាងក្រៅ។
គួរបញ្ជាក់ថាក្រុមហ៊ុនដែលចូលរួមសហការជាមួយNEA ដើម្បីរៀបចំវេទិកាការងារកាលពីម្សិលមិញមាន មីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន Master Suki Soup, ក្រុមហ៊ុន ឯករាជ្យ Photoshop, សណ្ឋាគារ ហ៊ីម៉ាវ៉ារី, ក្រុមហ៊ុនកាហ្វេ Brown, ក្រុមហ៊ុន អាស៊ីវេលុយ ក្រុមហ៊ុន TH F&B, ក្រុមហ៊ុន Truemoney, ក្រុមហ៊ុន ផាកកាហ្វេ និងក្រុមហ៊ុន DKSH ដែលមានអ្នកជាប់ការងារស្ថាពរ និងបឋមសរុបប្រមាណជិត២០០នាក់។
ជាមួយគ្នានោះដែរ ប្អូនស្រី ហាំ ជូហាន់ ជានិស្សិតថ្នាំទី៣ វិទ្យាស្ថានវ៉ាន់ដា មកពីខេត្តកំពង់ធំ ដែលទើបមកចូលរួមវេទិកាការងារលើកទី១ បានសម្តែងអារម្មណ៍សប្បាយរីករាយក្រោយក្រុមហ៊ុន ផាកកាហ្វេ ប្រាប់ថាទទួលយកប្អូនឱ្យធ្វើការបន្ទាប់ពីសម្ភាសចប់។ ប្អូនស្រីខ្មែរឥស្លាមម្នាក់នេះ បានឱ្យដឹងថា «នេះជាលើកទី១របស់ខ្ញុំ ដែលបានចូលរួមក្នុងវេទិកាថ្ងៃនេះ ហើយខ្ញុំមានអារម្មណ៍សប្បាយ រីករាយជាខ្លាំង ដោយមិននឹកស្មានថាគ្រាន់តែសម្ភាសការងារចប់ ក្រុមហ៊ុនបានប្រាប់ថាទទួលខ្ញុំឱ្យចូលធ្វើការ» ។
សូមជម្រាបថា សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ក្នុងនោះមានមីក្រូហិរញ្ញវត្ថុ មហានគរ, ក្រុមហ៊ុន Chip Mong, ក្រុមហ៊ុន ចំរើន, ធនាគារ AEON, ក្រុមហ៊ុន Smart, ក្រុមហ៊ុន Smile, ក្រុមហ៊ុន WorldBridge, ក្រុមហ៊ុន 103 ញូប្រូដាក់សិន, សហគ្រាសហ្គោដហៀល និងក្រុមហ៊ុន KTH រៀបចំកិច្ចសម្ភាសការងារមួយទៀត ដោយធ្វើឡើងចាប់ពីម៉ោង៨៖០០នាទីព្រឹកដល់ម៉ោង ៥៖០០នាទីល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕