(សៀមរាប)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើកទី២ ស្តីពីការរៀបចំសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលបានប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរដាវ័ណ្ណ ខេត្តសៀមរាប។
សិក្ខាសាលាបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយនៃគម្រោងស្តីពី «ការអនុវត្តប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម» ដែលបានដំណើរការក្រោមអធិបតីភាព លោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការ និងជាតំណាងកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួងឧស្សហកម្ម និងសិប្បកម្ម មន្ទីរចំណុះក្រសួង និងតំណាងមកពីវិស័យឯកជនសរុបចំនួន៣៥នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកបណ្ឌិត ទឹង ស៊ីនី អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ, ក្រសួងបាន និងកំពុងអនុវត្តផែនការសកម្មភាពឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលមានទិដ្ឋភាពរួម និងបេសកកម្មរបស់ខ្លួនដូចជា៖
១៖ ធ្វើឱ្យមានប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងផលិតកម្មស្អាត នឹងធ្វើឱ្យរោងចក្រ សិប្បកម្ម ទទួលបានផលចំណេញពីការកាត់បន្ថយថ្លៃចំណាយផលិតកម្ម បង្កើនផលិតភាព ព្រមទាំងបានចូលរួមក្នុងការធ្វើឱ្យអប្បបរមានូវការបញ្ចេញចោលនូវសំណល់ និងឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថានផងដែរ។
២៖ ធ្វើឲ្យមានប្រព័ន្ធគ្រប់គ្រងបរិស្ថាន (EMS) មួយដែលមានទិន្នន័យគ្រប់គ្រាន់ សម្រាប់ការធ្វើសមាហរ័ណកម្មនៃនីតិវិធី និងដំណើរការបណ្តុះបណ្តាលបុគ្គលិក ការត្រួតពិនិត្យការសង្ខេប និងធ្វើរបាយការណ៍ ស្តីពីព័ត៌មាននៃសកម្មភាពទាំងឡាយទៅលើបរិស្ថាន។
៣៖ លើកកម្ពស់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីរោងចក្រ សហគ្រាស និងសិប្បកម្ម ដោយដាក់ចេញជាគោលការណ៍ណែនាំ ដល់ផលិតករទាំងឡាយក្នុងវិស័យនេះឱ្យអនុវត្តតាម។
លោក ទឹង ស៊ីនី បានគូសបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលថ្ងៃនេះ ជាការចូលរួមមួយយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីជំនាញរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មឲ្យក្លាយជា មន្ត្រីជំនាញបង្គោល ដើម្បីមានសមត្ថភាពចូលរួមអនុវត្តការងាររៀបចំសារ ពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ហើយកម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
* ណែនាំបន្ថែមពីទស្សនៈមូលដ្ឋាននៃផលប៉ះពាល់ និងការវាស់វែងដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមកិច្ចព្រមព្រៀងអាកាសធាតុឆ្នាំ២០១៥។
* ការកសាង និងពង្រឹងសមត្ថភាពបន្ថែមទាក់ទងនឹងវិធីសាស្រ្តក្នុងការគណនាការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម។
* វិធីសាស្រ្តវាយតម្លៃ និងប្រមូលទិន្នន័យចាំបាច់ និងការចងក្រងទិន្នន័យឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម។
* ការចាត់ចំណាត់ថ្នាក់នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ពីដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ផលិតកម្មនានា។
* ការជំរុញការលើកទឹកចិត្ត ឱ្យសិក្ខាកាមយកចំណេះដឹង និងបទពិសោធន៍ខាងលើនេះ សម្រាប់ការអនុវត្តផែនការសកម្មភាពបន្ត។
លោកនាយកគម្រោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជានិច្ចកាលតែងតែគាំទ្រយ៉ាងពេញទំហឹង ក្នុងការអនុវត្តគម្រោងខាងលើនេះ ហើយលោកនាយកគម្រោងក៏បានលើកទឹកចិត្ត និងជម្រុញឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ក្នុងការរៀនសូត្រ និងចូលរួមសិក្សាស្វែងយល់ និងដកស្រង់យកចំណេះដឹងល្អៗដែលទីប្រឹក្សាគម្រោងពន្យល់ និងបកស្រាយ ដើម្បីមានសមត្ថភាព ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលលើកទី៣ជាបន្តទៀត និងក្នុងការអភិវឌ្ឍន៍ខ្លួនទៅជាមន្ត្រីជំនាញបង្គោល ក្នុងការចុះអនុវត្តការងារជាមួយវិស័យឯកជន ក្នុងន័យជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីសកម្មភាពនានា ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម នឹងអាចជាមន្ត្រីបង្គោលសម្រាប់ជួយ ដល់ការផ្ទេរចំណេះដឹង និងបទពិសោធន៍បន្តទៅដល់វិស័យឯកជន និងភាគីពាក់ព័ន្ធដ៏ទៃទៀតផងដែរ៕