(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន តាមរយៈសារាចរណែនាំ ដោយដាក់ចេញនូវគោលការណ៍ចំនួន១០ចំណុច ដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឲ្យបានទូលំទូលាយ និងផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជាគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យ នៃទិវានេះ។
សារាចរណែនាំដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់នូវគោលការណ៍ទាំង១០ចំណុចយ៉ាងដូច្នេះថា៖
១៖ប្រធានបទនៃទិវាមមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ លើកទី២០ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ត្រូវបានកំណត់ថា «សមាគមមនុស្សចាស់ ជាយន្ដការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ»។
២៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអង្គការអន្ដរជាតិ ដែលពាក់ព័ន្ធដើម្បីចាត់តាំងពីធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ឲ្យបានអធិអធម។
៣៖រាជធានី-ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ដោយបង្កលក្ខណៈឲ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួម ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ២០១៧-២០១៨។
៤៖រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្ដរជាតិសូមបន្ដជួយគាំទ្រ ដល់កម្មវិធីអភិវឌ្ឍន៍សមាគមមនុស្សចាស់ ដែលមានស្រាប់ និងត្រូវបន្ដផ្ដល់ការអន្ដរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត នៅតាមសហគមមូលដ្ឋានឲ្យបានទូទាំងប្រទេសកម្ពុជា ស្របតាមផែនការដែលបានកំណត់ ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមក រវាងមនុស្សវ័យចាស់ទូទៅ ពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង។
៥៖គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធីចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ អនុវត្ដតាមគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង ។ល។
៦៖ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្ដីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ជំរុញចលនា សិស្ស និស្សិត ឲ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឲ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធី ក្រៅម៉ោងសិក្សា ចុះសួរសុខទុក្ខមនុស្សវ័យចាស់ ពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋានស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។
៧៖ក្រសួងធម្មការ និងសាសនា ត្រូវធ្វើការណែនាំចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបុព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជនានា និងមូលនិធិផ្សេងទៀត ដើម្បីឲ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង ស្របតាមគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ដើម្បីឲ្យអ្នកទាំងនោះអាចស្នាក់នៅសមរម្យមានអាហារទទួលទាន អាចសំរានលក់ស្ងប់អារម្មណ៍ និងអាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំងផ្សេងៗទៀត ជាបន្ដបន្ទាប់។
៨៖ក្រសួងព័ត៌មាន ត្រូវណែនាំបណ្ដាញសារព័ត៌មានរដ្ឋ និងឯកជនទាំងអស់ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារសកម្មភាពក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
៩៖គ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាព និងទីសាធារណៈតាមខ្លឹមសារដូចតទៅ៖ ជយោ! ព្រះរាជាជាណាចក្រកម្ពុជា, អបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ១តុលា, មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ, គោរពដឹងគុណចំពោះមនុស្សវ័យចាស់ គឺជាកតញ្ញូតាធម៌ គ្រួសារមានសុភមង្គល សង្គមរីកចម្រើន, កសាងសង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ និងសមាគមមនុស្សចាស់ជាយន្ដការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ។
១០៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិ ត្រូវធ្វើការណែនាំអនុវត្តតាមសារាចរនេះ និងបូកសរុបលទ្ធផលការងារជូនរាជរដ្ឋាភិបាល៕