(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ តាមរយៈ Facebook ផ្លូវការរបស់សម្ដេច បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ ខណៈដែលកម្ពស់ទឹកកើនឡើង ដល់កម្រិតប្រកាសអាសន្ន នៅតាមខេត្តមួយចំនួន។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មេត្តាតាមដានដោយយកចិត្តទុកដាក់ ក្នុងការជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកជំនន់ទន្លេ ដោយក្នុងនោះ បានបញ្ជាក់ឲ្យដឹងថា នៅខេត្ដកំពង់ចាម ទឹកនឹងឡើងដល់កម្ពស់១៥,២៨ ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ) ក្នុងរយៈពេល ៣ឬ៤ថ្ងៃ ខាងមុខ។
ក្រសួងធនធានទឹកបានឲ្យដឹងថា បច្ចុប្បន្នមានប្រព័ន្ធសម្ពាធទាបមួយ បាននិងកំពុងអូសកាត់អាងទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ប៉ុន្ដែប្រព័ន្ធសម្ពាធទាបនេះ នៅមានឥទ្ធិពលខ្សោយ ដោយបង្កឲ្យមានការធ្លាក់ភ្លៀង តែក្នុងកម្រិតពីតិចទៅមធ្យមប៉ុណ្ណោះ។
ក្រសួងធនធានទឹក បានសង្កត់ធ្ងន់ថា យោងតាមការព្យាករ ទឺកជំនន់ទន្លេ ក្នុងប្រទេសកម្ពុជា មានស្ថានភាពដូចខាងក្រោម៖
* នៅខេត្តស្ទឹងត្រែង ទឹកនឹងកើនឡើងដល់កម្ពស់១០,៧៩ម៉ែត្រ ក្នុងរយៈពេល១ ឬ២ថ្ងៃទៀត (កម្រិតកម្ពស់ប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)
* នៅខេត្តក្រចេះ ទឹកនឹងកើនឡើងដល់កម្ពស់២១,៩៦ ម៉ែត្រ (កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ) ក្នុងរយៈពេល២ ឬ៣ថ្ងៃ ទៀត
* នៅខេត្ដកំពង់ចាម ទឹកនឹងឡើងដល់កម្ពស់១៥,២៨ ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ) ក្នុងរយៈពេល ៣ឬ៤ថ្ងៃ ខាងមុខ
* ចំពោះទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងបន្ដកើនឡើង សន្សឹមៗបន្ថែមទៀត
* បឹងទន្លេសាប ទឹកមានកម្ពស់៥,៣៣ ម៉ែត្រ ពោលគឺនៅមានលទ្ធភាពស្រូបយក ទឺកជំនន់បានច្រើនបន្ថែមទៀត៕