(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ Facebook នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានផ្ញើក្ដីនឹករលឹក និងបន្ដថ្លែងអំណរគុណជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចបន្ដដឹកនាំប្រទេស កាន់តែមានភាពរីកចម្រើនទៅមុខ។
បន្ថែមពីនេះ សម្ដេចប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនពរដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យជួបតែសេចក្ដីសុខ និងសំណាងល្អៗគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា សូមផ្ញើនូវសេចក្តីនឹករលឹក និងអគុណចំពោះបងប្អូនកូនក្មួយជនរួមជាតិទូទាំងប្រទេស ដែលបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ ដើម្បីខ្ញុំបន្តដឹកនាំកសាងប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនលឿនទៅមុខ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
សូមជំរាបថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយជោគជ័យជាស្ថាពរ កាលពីថ្ងៃអាទិត្យ ចុងខែកក្កដា។ ការបោះឆ្នោតនេះ មានការចូលរួម ដោយអ្នកសង្កេតការណ៍ជាតិ អន្តរជាតិច្រើនជាងមុន ហើយត្រូវកោតសរសើរថា ធ្វើឡើងដោយរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន៦,៩៤៦,១៦៤នាក់ ស្មើនឹង៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។
សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ៤,៨៧៥,១៨៩នាក់ ស្មើនឹង៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្ត ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនអាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំង១២៥តែម្តង៕