(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចាប់ខ្លួនជនជាតិចិនម្នាក់ និងខ្មែរ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដែលប្រព្រឹត្តនៅ២កន្លែងផ្សេងគ្នា គឺមួយនៅក្រុម៤ និងមួយនៅក្រុម១៤ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
របាយការណ៍របស់លោកឧត្តមសេនីយ៍ស្នងការ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ប្រតិបត្តិការទី១៖ នៅវេលាម៉ោង០១៖៣០នាទីយប់ ឈានចូលថ្ងៃទី១០ ខែសីហា កម្លាំងការិយាល័យប្រឆាំងគ្រឿនញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ជាមួយអធិការក្រុងព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿនញៀន ស្ថិតនៅក្រុម៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លូនបានជនសង្ស័យចំនួន៥នាក់។
ជនសង្ស័យទី១៖ឈ្មោះ កែវ ឧស្សាហ៍ ហៅខ្ង៉ន អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ ប្រាក់ ចាន់វាសនា ហៅបូ អាយុ៣៣ឆ្នាំ, ទី៣៖ឈ្មោះ ខា សុណ្ណា ហៅជង អាយុ២៩ឆ្នាំ, ទី៤៖ឈ្មោះ សុខ ដារ៉ា ហៅទី អាយុ២៤ឆ្នាំ និងទី៥៖ឈ្មោះ ផែន សុភា ហៅក្តុយ អាយុ២៧ឆ្នាំ។ វត្ថុតាងដកហូតបាន ម្សៅក្រោមពណ៌សថ្លា៩កញ្ចប់ ទូរស័ព្ទ១គ្រឿង ឧបករណ៍ជក់គ្រឿងញៀន និងសម្ភារវិចខ្ចប់មួយចំនួនទៀត។
បើតាមលោកស្នងការ សម្រាប់ប្រតិបត្តិការទី២៖ នៅវេលាម៉ោង០៩៖៥០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ LIN NIAN YU ភេទប្រុស ក្នុងខារ៉ាអូខេ ហាវមិន ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដកហូតបានថ្នាំញៀនប្រភេទ កេតាមីន (KETAMIN) ចំនួន០២កញ្ចប់ លុយចំនួន១៤០ដុល្លារ ទូរស័ព្ទ០១គ្រឿង។ នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ LIN NIAN YU នោះមិនព្រមសហការជាមួយសមត្ថកិច្ច និងព្យាយាមកុហកសមត្ថកិច្ចរហូតដល់ម៉ោង០១៖៣០នាទីរំលងអាធ្រាត ទើបកម្លាំងសមត្ថកិច្ចបន្តទៅឆែកឆេរបន្ទប់ជួល លេខ២០៤ នៅផ្ទះសំណាក់មករា ស្ថិតនៅជិតឆ្នរអូរឈើទាល និង ដកហូតបានថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន០១កញ្ចប់ និងដបសម្រាប់ជក់ថ្នាំញៀនចំនួន០១។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕