(បន្ទាយមានជ័យ)៖ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចាប់ផ្តើមចាត់វិធានការចំពោះម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម សេវាកម្មគ្រប់ប្រភេទ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ ដែលមិនបិទស្លាកតម្លៃ និងទូទាត់រូបិយប័ណ្ណប្រាក់រៀលខ្មែរលើមុខទំនិញ និងសេវាកម្មរបស់ខ្លួន ដោយត្រូវចាត់វិធានការតាមផ្លូវច្បាប់ គ្រាដែលនៅក្រុងប៉ោយប៉ែត ត្រូវគេមើលឃើញថា ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មភាគច្រើន ពេញនិយមប្រើប្រាស់ប្រាក់បាតថៃ ជំនួសប្រាក់រៀលខ្មែរ។

​ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងថា មន្រ្តីជំនាញអនុវត្តសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មខាងលើ ក្នុងគោលបំណង ដើម្បីជម្រុញលើកស្ទួយតម្លៃរូបិយប័ណ្ណប្រាក់រៀលខ្មែរ និងជាពិសេសសំដៅធានាដល់យន្តការ នៃការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយសមធម៌បម្រើផលប្រយោជន៍ប្រជាជន និងអ្នកប្រើប្រាស់ទូទៅ ដោយអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ១៧២ព.ណ អវឯ.ប្រក ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មចំពោះម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ដែលធ្វើប្រតិបត្តិការនៅក្នុងទឹកដីកម្ពុជានោះ។

​លោកបានឱ្យដឹងទៀតថា ក្នុងករណីដែលម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម រឺសេវាកម្ម ចង់បិទស្លាករូបិយប័ណ្ណបរទេស ត្រូវទៅសុំច្បាប់នៅមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ជាមុនសិន។ ក្រោយមន្រ្តីជំនាញធ្វើការអប់ណែនាំ រួចហើយនោះ ដោយមន្រ្តីជំនាញបានទុកឱកាសរយៈពេល១ខែ បើសិនមិនអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មខាងលើនោះទេ និងប្រឈមអនុវត្តតាមផ្លូវច្បាប់។

​ជុំវិញការចុះអនុវត្តជម្រុញឱ្យម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម នៅក្រុងប៉ោយប៉ែត បិទស្លាកថ្លៃ និងទូទាត់ប្រាក់រៀលខ្មែរ លើមុខទំនិញ និងសេវាកម្មនោះ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ក៏បានសម្តែងការគាំទ្រ និងសេចក្តីរីករាយដែលមន្រ្តីជំនាញចាប់ផ្តើមអនុវត្ត និងលើកតម្លៃប្រាក់រៀលខែ្មរ ពីព្រោះការរកស៊ីប្រកបមុខរបរ នៅក្នុងស្រុកខ្មែរត្រូវតែប្រើប្រាស់ប្រាក់រៀលខ្មែរ ហើយក៏ដើម្បីកំណត់អត្តសញ្ញាណខ្មែរតាមរយៈនៃការប្រើប្រាស់ប្រាក់រៀលខ្មែរនោះផងដែរ។

​សូមបញ្ជាក់ថា ការចុះណែនាំ និងជម្រុញឱ្យម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងម្ចាស់ សេវាកម្ម​​បិទស្លាកថ្លៃ និងទូទាត់ប្រាក់រៀលខ្មែរ លើមុខទំនិញ និងសេវាកម្ម នៅក្រុងប៉ោយប៉ែត មន្រ្តីជំនាញបានចុះអប់រំណែនាំបានចំនួនហាងលក់ទំនិញ ផ្សារទំនើបសរុប៧កន្លែង របស់ជនជាតិខ្មែរ-ថៃ និងជនជាតិចិន ហើយម្ចាស់អាជីវកម្មទាំងនោះ ក៏បានយល់ព្រមអនុវត្តទៅតាមសេចក្តីប្រកាស របស់ក្រសួងពាណិជ្ជកម្មនោះផងដែរ៕​