មន្រ្តីដែនជម្រកសត្វព្រៃសីមា ក្នុងខេត្តមណ្ឌលគិរី បាញ់ជាច្រើនគ្រាប់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូ នៅក្បែរអធិការដ្ឋាននគរបាលស្រុកកែវសីមា, ស្នងការបញ្ជាឲ្យនគរបាលជំនាញចុះស៊ើបអង្កេត
10-08-2018 09:13
(មណ្ឌលគិរី)៖ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅចំណុចទឹកខួប ក្បែរអធិការដ្ឋាននគរបាលស្រុកកែវសីមា បណ្តាលឲ្យប្រជាពលរដ្ឋ មានការភិតភ័យយ៉ាងខ្លាំង តែករណីនេះត្រូវបានគេដឹងថា ផ្តើមចេញពីដែនជម្រកសត្វព្រៃសីមា បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូ។
ករណីនេះកើតឡើងនាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨។ ជុំវិញបញ្ហានេះ លោកអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានស្នើឲ្យស្នងការនគរបាលខេត្ត ធ្វើការស្រាវជ្រាវជាបន្ទាន់ថា តើមានគ្រោះថ្នាក់ដែរឬទេ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះថា លោកបានបញ្ជាឲ្យ អធិការនគរបាលស្រុកកែវសីមា ដែលទើបចូលកាន់ដំណែង ធ្វើការស្រាវជ្រាវលើករណីនេះឲ្យបានឆាប់រហ័ស គ្រាដែលហេតុការណ៍កើតឡើង តែអធិការគ្មានសេចក្តីរាយការណ៍។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់នៅព្រឹកថ្ងៃដែរថា ការផ្ទុះអាវុធខាងលើនេះផ្តើមចេញពីលោក ឌិន ប៊ុនធឿន មន្រ្តីដែនជម្រកសត្វព្រៃសីមា ជាអ្នកបាញ់គំរាមដល់អ្នករកស៊ីដឹកឈើតាមម៉ូតូ ដោយលោកលើកហេតុផលថា ក្រុមអ្នកដឹកឈើតាមម៉ូតូ មានគ្នាច្រើនបម្រុងធ្វើបាបដល់មន្រ្តីបង្ក្រាបបទល្មើស ក៏មានការបាញ់គំរាមដើម្បីការពារខ្លួនតែម្តង។
ដោយឡែកលោក ឌិន ប៊ុនធឿន ដែលបានបាញ់បោះនោះភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបកស្រាយពន្យល់បានទេនាព្រឹកថ្ងៃនេះ៕