(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់សាធារណជន ទូទៅឲ្យបានជ្រាបថា ក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់ផលិតផល ក្នុងស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំ ទូលាយនៅទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម ផលិតផលខ្មែរ ក្នុងឱកាស «យុទ្ធនាការទិញផលិតផលខ្មែរ» ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០១៨ខាងមុខ។
ពិព័រណ៍ពាណិជ្ជកម្មនេះ និងត្រូវរៀបចំឡើង ក្នុងគោលបំណង ពញ្ញាក់ស្មារតីមហាជនទូទៅ ឲ្យងាកមកគាំទ្រ និងប្រើប្រាស់
ផលិតផលក្នុងស្រុក ឲ្យបានច្រើនជាអតិបរិមា។ ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ ដែលមានគុណភាព
ខ្ពស់ មានសុវត្ថិភាពសម្រាប់ អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្ម ពីគ្រប់ទិសទី
នៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ និងបង្ករឱកាសឲ្យស្វែងរកដៃគូយកទៅលក់បន្ត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ដែលមានបំណង ចូលរួមតាំងបង្ហាញផលិតផលខ្មែរ
ក្នុងព្រឹត្តិការណ៍នេះ មេត្តាប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់។
សម្រាប់ព័ត៌មានលម្អិត ស្តីពីការរៀបចំពិព័រណ៍ខាងលើ សូមទំនាក់ទំនងនាយកដ្ឋាន កិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋាន
ជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ៖ ០១៧ ៦១១ ១០២ ឬ ០៨៧ ៧៥៥ ៥៥១
០៧៧ ៣៣៩ ៤៣៩ ឬ ០៧៧ ៣៣២ ២៣៣ ឬតាមរយៈអ៊ីមែល [email protected] ឬ [email protected] [email protected] ឬ [email protected]៕