(ភ្នំពេញ)៖ ក្រុមចោរឆក់ដ៏សកម្មចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេញតាមបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះថា ក្រុមចោរឆក់ខាងលើនេះ បានធ្វើសកម្មភាពលើជនរងគ្រោះនៅយប់ថ្ងៃទី៨ ខែសីហា នៅចំណុចផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះអត្តជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ។

ភ្លាមៗនោះ កម្លាំងរបស់លោកបានធ្វើការដេញតាមបង្ក្រាបបានម្នាក់ភ្លាមៗ និងបក្ខពួក៣នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់។ លោកអធិការ បានបន្តទៀតថា ក្រោយពីឃាត់ខ្លួនបានបក្ខពួកម្នាក់ លោក បានធ្វើការស្រាវជ្រាវ តាមចាប់បានជនសង្ស័យបន្ថែម៣ទៀត ជាបន្តបន្ទាប់សរុប៤នាក់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងស្ថិតនៅក្រោមការសួរនាំ នៃជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕