(បន្ទាយមានជ័យ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈប្រតិភូអមដំណើរ ដែលមកពីក្រសួងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យ ផ្ទៃដីទំហំ១ហិកតា សាងសង់រួចរាល់ជំហានទី១ មណ្ឌលសំចតប៉ោយប៉ែត ស្ថិតនៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះ លោក វង សូត បានជំរុញឲ្យក្រុមហ៊ុនដែលទទួលខុសត្រូវ ក្នុងការសាងសង់ ជួយកែសំរួល ការខ្វះខាតបន្តិចបន្តួច ដើម្បីជួយសង្រ្គោះជនរងគ្រោះពីការជួញដូរ ពីសំណាក់ប្រទេសជិតខាងឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
រដ្ឋមន្រ្តី វង សូត បានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលសំចតជួយជនរងគ្រោះ នៅតាមព្រំដែនជាច្រើនកន្លែង នៅតាមច្រកព្រំដែន ពិតជាមានសារសំខាន់ណាស់ និងបានចូលរួម ចំណែក ការងារសង្គមកិច្ច ក្នុងការទទួលមើលខុសត្រូវលើជនងាយរងគ្រោះឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពជាងមុន ជាពិសេសជាការលើកមុខមាត់រាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយលោករដ្ឋមន្រ្តី វង សូត បានបញ្ជាក់ថា មណ្ឌលសំចតប៉ោយប៉ែតនេះ នឹងរួចរាល់ជាស្ថាពរ នៅខែខាងមុខនេះ ក្រោយការបើកដំណើរការជាផ្លូវការ មណ្ឌលសំចត ប៉ោយប៉ែតមួយនេះ នឹងចាប់ទទួលយកជនរងគ្រោះ ពីការជួញដូរមនុស្សពីប្រទេសថៃផងដែរ។
បើតាមរបាយការណ៍ពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ បានឲ្យដឹងថា គិតមកដល់ពេលនេះ នាយកដ្ឋានមួយនេះ បានទទួលជនរងគ្រោះ ពីការធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសនានាសរុបចំនួន១១៧នាក់ ក្នុងនោះស្រ្តី៥៧នាក់ ដែលជនរងគ្រោះទាំងនោះ មកពីប្រទេសម៉ាឡេស៊ី៤១នាក់ ឥណ្ឌូនេស៊ី២០នាក់ ថៃ៤៥នាក់ ចិន៤នាក់ ជប៉ុន៦នាក់ និងប្រទេសសឹង្ហបុរី ០១នាក់៕