(ភ្នំពេញ)៖ ក្នុងដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជរបស់សាសនាឥស្លាម ដែលមានសាសនិកឥស្លាមទូទាំងពិភពលោក បានកំពុងចេញដំណើរជាបណ្តើរៗ ទៅកាន់ក្រុងម៉ាកា ប្រទេសអារ៉ាប៊ីសាអីឌីត ដើម្បីប្រារព្ធពិធីបុណ្យហាជ្ជនៅទីតាំងប្រវត្តិសាស្រ្តកកើតសាសនាឥស្លាម ដែលទទួលមនុស្សរាប់លាននាក់។
ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ប្រទេសកម្ពុជា ក៏មានសាសនិកឥស្លាមបានធ្វើដំណើរជាច្រើនកុះករទៅកាន់ទីនេះដូចគ្នា ដែលតាមការគ្រោងមានចំនួន១០០៨នាក់ ហើយតាំងពីដើមខែសីហា ឆ្នាំ២០១៨ មកដល់ថ្ងៃនេះ ភ្ញៀវដែលបានចេញដំណើរ បានជិត៨០០នាក់ហើយ ខណៈជាង២០០នាក់ទៀត នឹងត្រូវចេញដំណើរនៅថ្ងៃទី១១ ខែសីហា និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ខាងមុខ។
ដោយឡែកលោក អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំឥស្លាមមួយចំនួនទៀត បានអញ្ជើញជូនដំណើរដល់ភ្ញៀវជាតិ ដែលបន្តចេញដំណើរកាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ មានចំនួន១៣០បន្ថែមទៀត។
បើតាមលោក អូស្មាន ហាស្សាន់ ក្នុងនាមថ្នាក់ដឹកនាំឥស្លាមមួយរូបនោះ លោកសូមជូនពរឲ្យការធ្វើដំណើរទាំងទៅទាំងមក សូមទទួលបានសុខសុវត្ថិភាព និងទទួលបានការប្រារព្ធពិធីបុណ្យដោយជោគជ័យ៕