(ភ្នំពេញ)៖ ករណីចោទប្រកាន់ថា កូនបានប្រើអំពើហិង្សាលើឪពុកបង្កើត ដើម្បីឲ្យផ្ដិតមេដៃលើលិខិតស្នាម ឬឯកសារផ្សេងៗ ដើម្បីផ្ដល់ប្រយោជន៍ណាមួយនោះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ តំណាងកូនៗទាំង៧នាក់ សូមធ្វើការបំភ្លឺ និងបកស្រាយត្រឡប់ទៅវិញថា មិនបានប្រើប្រាស់អំពើហិង្សាលើឪពុករបស់ខ្លួន ដើម្បីតែចង់បានស្នាមមេដៃអ្វីនោះទេ ពោលគ្រាន់តែនាំឪពុកមកពិនិត្យ និងព្យាបាលជំងឺ និងដើរលេងកម្សាន្ដទៅខេត្តកោះកុងប៉ុណ្ណោះ។

ធ្វើដំណើរមកដល់ការិយាល័យព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ តំណាងកូនៗ បានអះអាងថា ស្នាមមេដៃដែលឪពុករបស់ខ្លួនបានផ្ដិតនោះ គឺលើកិច្ចព្រមព្រៀមបញ្ចប់វិវាទ និងសះជាជាមួយឪពុក និងកូន ព្រោះដើម្បីមើលថែឪពុកដែលកាត់តែមានវ័យចាស់ណាស់ហើយ ដោយ​កន្លងទៅឪពុកបានប្ដឹងទៅតុលាការ ដើម្បីកាត់កាលកូនទាំង៧នាក់។

លោក លី ឈឹមឆន អាយុ៣១ឆ្នាំ​ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃកើតហេតុដែលពួកខ្ញុំ​ជាកូន យកគាត់ (ឪពុក) ចេញពីផ្ទះមិនមែនចាប់ជំរិតអ្វីនោះទេ គឺយកមករាជធានីភ្នំពេញ ពិនិត្យ និងព្យាបាលជំងឺ ហើយបាននាំគាត់ទៅលេងដែលធ្វើប៉េអឹម នៅខេត្តកោះកុង។ ហើយរឿងផ្ដិតមេដៃនោះ គឺមានពិតមែន ប៉ុន្ដែជាការផ្ដិតមេដៃដើម្បីសះជារឿងកាត់កាលកូនប៉ុណ្ណោះ»

សូមជម្រាបថា ការចេញមកបំភ្លឺយ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពី​មានការចោទប្រកាន់ថា បុរសម្នាក់អាយុ៧៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានកូនៗ៧នាក់ ប្រើប្រាស់អំពើហិង្សា និងចាប់ដាក់ក្នុងរថយន្ដ​​ចេញពីខេត្តសៀមរាប ទៅខេត្តកោះកុង តែពេលមកដល់ រាជធានីភ្នំពេញ ក៏ដាក់ថ្នាំដើម្បីឲ្យផ្ដិតមេដៃនៅលើលិខិតស្នាម និងឯកសារផ្សេងៗ ជាប្រយោជន៍របស់ពួកគេទាំង៧នាក់ ខណៈជនរងគ្រោះមិនបានស្ម័គ្រចិត្ត បន្ដិចណាសោះ។

យ៉ាងណាក៏ដោយ សម្រាប់ករណីនេះលោក​ ជា ហៃ ជាមេធាវីរបស់ជនរងគ្រោះឈ្មោះ មិន ឡម ហៅ លី ឡម អាយុ៧៣ឆ្នាំ តាមរយៈអង្គភាព Fresh News នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨​ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការសុំមោឃភាពចោលទាំងស្រុង លើលិខិតស្នាម និងឯកសារផ្សេងៗ ដែលកូនក្ដីរបស់ខ្លួនបានផ្ដិតមេដៃដោយសារការបង្ខិតបង្ខំ៕