(អឺរ៉ុប)៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាច Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើម​​គណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀប​ទៅនឹងនយោបាយ​របស់សម័យខ្មែរក្រហម។ នៅអំឡុងការ​បោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅ​កម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោង​ព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍​នានា​បានព្យាយាម​បង្ហាញថា ការបោះឆ្នោត​ប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមាន​គណបក្សប្រឆាំងចូលរួម បើទោះជាគណបក្ស​នយោបាយជាង២០ បានចូលរួមប្រកួត​ប្រជែងនៅក្នុងការ​បោះឆ្នោតនេះ​ក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុម​ប្រឹក្សាអឺរ៉ុបសម្រាប់​ទំនាក់ទំនង​អន្តរជាតិ និងការសិក្សាស្ទង់មតិ (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។

គេហទំព័រក្រុម​ប្រឹក្សាអឺរ៉ុបសម្រាប់​ទំនាក់ទំនង​អន្តរជាតិ បានសរសេរថា យើងគួរកត់​សម្គាល់ថា អតីតគណបក្ស​សង្រ្គោះជាតិ (​CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie CNRP មិនដែល​បានទទួលជ័យជម្នះលើ​គណបក្សប្រជាជនកម្ពុជា​នោះទេ ទាំងនៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់ និងការបោះឆ្នោត​សភា​ហើយមិនតែ​ប៉ុណ្ណោះ​​ទណ្ឌិត សម រង្ស៊ី មិនដែលទទួល​ស្គាល់លទ្ធផលបោះ​ឆ្នោត​ដោយចិត្តស្មោះ​ឡើយ។

គេហទំព័រព័ត៌មាននេះដែលមានលោក Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ​ បានអំពាវនាវ​ឱ្យប្រជាជនកម្ពុជា​ពហិកាក្នុងការចូលរួមបោះឆ្នោតក៏ដោយ ក៏ប្រជាជន​កម្ពុជារហូត​ដល់ទៅជាង ៨២ភាគរយ នៅតែទៅ​បោះឆ្នោតជ្រើសរើស​មេដឹកនាំ​ ដែលពួកគេ​ពេញចិត្ត​ដដែល។ មួយវិញ​ទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយ​សង្រ្គោះប្រទេសកម្ពុជា​ចំនួនពីរលើក, ទីមួយគឺរំដោះ​កម្ពុជាចេញពីកណ្ដាប់ដៃ​ពួកខ្មែរ​ក្រហម និងលើកទីពីរ បណ្តេញ និងបំផ្លាញពួក​ភេរវករ CNRP​។

នាយករដ្ឋមន្ត្រី​កម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានគូស​បញ្ជាក់ជារឿយៗអំពីគោល​នយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្ន​ពួកគេបានតាំងនាម​ខ្លួនឯងជាពួកភេរវករ ពោល​គឺមិនមែនត្រឹមតែជាអង្គការ​នយោបាយខុសច្បាប់​ប៉ុណ្ណោះទេ... ហើយយើងនឹង​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយបណ្ដាប្រទេស​ដទៃ ដើម្បីចាប់​ខ្លួនពួកគេ»

ក្នុងការបោះឆ្នោត​កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការ​ជាច្រើនដែលមានទំនាក់ទំនង​ជាមួយ​ភេរវករ CNRP បាន បង្កើន​យុទ្ធនាការ​កុហក និងផ្សព្វផ្សាយព័ត៌មាន​បំភ័ន្តការគិតរបស់​ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវ​ឱ្យប្រជាជនកម្ពុជា​ទាំងអស់ កុំទៅបោះឆ្នោត​ឱ្យសោះ។ លើសពីនេះ​ទៅទៀត ប្រព័ន្ធផ្សព្វផ្សាយ​ក្លែងក្លាយ និងអត្ថបទ​ប្រឌិតជាច្រើន ត្រូវបានគេ​បង្ហោះនៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើន​សន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេស​ប្រឌិត​ព័ត៌មាននៅលើ​សារព័ត៌មានបរទេសធំៗនានា។

ការលើកឡើងបែប​នេះមិនមែនមិនមានហេតុផល​នោះទេ ពោលគឺ​បើតាមសារព័ត៌មាន Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់​វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុន​អាមេរិក ឱ្យជួយផ្សាយ​ព័ត៌មានបំផ្លាញដល់​ផលប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយ​ចូលចិត្តរត់ចោលស្រុក​រូបនេះ បានអំពាវនាវ​ឱ្យសហគមន៍អន្តរជាតិ​ ដាក់ទណ្ឌកម្ម​លើកម្ពុជា និងប្រជាជន​កម្ពុជាស្លូតត្រង់​ ដែលមិនដើរតាមគោល​នយោបាយ​របស់​ពួកគេ។

សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច Zombie មួយនេះបានឃុបឃិតជា​មួយបរទេសរៀប​ចំ​គំរោងផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅកម្ពុជា ក្រោយពីការចាប់ខ្លួនលោក កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

តុលាការកំពូល​ក៏បានចេញសាលក្រមហាមឃាត់​សមាជិក​គណបក្ស CNRP ចំនួន ១១៨នាក់ ពីសកម្មភាព​នយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ ក្រោម​ការស្វាគមន៍​ពីសំណាក់រដ្ឋាភិបាលលោក។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​បញ្ជាក់​ថា ការប្រើប្រាស់​ពាក្យ​ភេរវករលើ CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះទណ្ឌិត សម រង្ស៊ី ធ្លាប់បាន​អំពាវនាវ​ឱ្យកងទ័ពងើបឡើងប្រឆាំង​នឹង​រដ្ឋាភិបាល ព្រមទាំង​អំពាវនាវ​ឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់​សេដ្ឋកិច្ច​កម្ពុជា៕