(ភ្នំពេញ)៖ បច្ចុប្បន្ន​ សិស្សានុសិស្ស​ភាគច្រើន សុទ្ធសឹងតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដោយបានប្រឡងចេញនូវចំណេះជំនាញ តាមរយៈការសរសេរសារណា ឬ និក្ខេបបទផ្សេងៗជាដើម។ មិនខុសគ្នាប៉ុន្មានឡើយ ចំពោះសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ក៏តម្រូវឲ្យសិស្សានុសិស្ស ត្រូវប្រឡងចេញ ទៅតាមឯកទេសជំនាញរៀងៗខ្លួន ដើម្បីបញ្ចប់សញ្ញាប័ត្រ អាចបន្តការសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បន្ថែមទៀត។ យ៉ាងណាមិញ ក្រោមការខិតខំប្រឹងប្រែងសិក្សា ក្រេបជញ្ជក់ចំណេះជំនាញ អស់រយៈពេលជាច្រើនឆ្នាំហើយនោះ សាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានរៀបចំកម្មវិធីប្រឡងឯកទេសជំនាញ បញ្ចប់សញ្ញាបត្រសិល្បៈ និង ស្មាតកបត្រសិល្បៈឆ្នាំសិក្សា ២០១៧-២០១៨ បានចាប់ផ្ដើមដំណើរការបង្ហាញសមត្ថភាព ហើយកាលពីព្រឹកមិញនេះ ដោយមានការ​អញ្ជើញ​ចូល​រួម​ពី​លោក​ សោម សុគន្ធ រដ្ឋ​លេខាធិការ​ តំណាង​ឲ្យ​លោក​ជំទាវ​ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ។

អ្វីដែលកាន់តែពិសេស គឺមានការសម្ដែងនូវទស្សនិយភាព ដ៏គួរឲ្យជក់ចិត្ត ជាមួយនឹងចង្វាក់រស់រវើក កាយវិការទន់ភ្លន់ នៅលើឆាក ធ្វើឲ្យទស្សនិកជនទស្សនា ស្ទើរតែមិនចង់ប្រិចភ្នែក។

កម្មវិធីប្រឡងឯកទេសជំនាញខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែទុតិយសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០១៨ នៅឯភូមិ​បឹង​​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មហាជនយុវវ័យ មិនថាក្មេងចាស់ ប្រុសស្រី ចូលរួមទស្សនា។ ​

ជាមួយគ្នានេះ​ រដ្ឋ​លេខាធិការ​ក្រសួងវប្បធម៌​ លោក​ សោម សុគន្ធ ក៏បាន​ថ្លែង​ថា ការ​ប្រឡង​​ឯក​ទេស​ជំនាញ​បញ្ចប់​សញ្ញាប័ត្រ​សិល្បៈ​ និង​ស្មាតកបត្រសិល្បៈ​​ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈនេះ ពិត​ជា​មាន​សារៈសំខាន់​​ខ្លាំងណាស់ ​សម្រាប់​​ប្អូនៗ ក្មួយៗ ទាំងប្រុស​ស្រី​ ដែល​មាន​វ័យ​ក្រោម​ ២០ឆ្នាំ មុន​ឈាន​ទៅ​សិក្សា​ថ្នាក់​មហា​វិទ្យាល័យ។ បន្ថែម​ពី​នេះ​លោក​ ក៏​បាន​ជំរុញ​លើក​ទឹក​ចិត្ត ដល់​​ក្មួយៗ​​ ដែល​ជា​សិស្សានុសិស្ស​កំពុងសិក្សា មុខជំនាញផ្នែកសិល្បៈប្រពៃណីបុរាណ ត្រូវខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ល្អ និង ត្រូវចេះឲ្យស្ទាត់ជំនាញ ដើម្បីមានឱកាសបង្ហាញសមត្ថភាព នៅលើឆាកជាតិ និង​អន្តរជាតិ​ ​នា​ពេល​ខាង​មុខ។ អ្វីដែលកាន់តែពិសេស ​ឱកាសដែលហុចមកឲ្យសិក្សានុសិស្សនោះ គឺ​ជា​ពេល​វេលា​មួយ ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ស្គាល់​​កាន់តែច្បាស់ ពីវប្បធម៌​ប្រពៃណីជាតិ​ដ៏​ស្រស់​ផូរផង់​​របស់​ខ្មែរ​ តាម​រយៈវិស័យ​សិល្បៈ ហើយក៏ដូចជា ទំពាំងស្នងឫស្សី ចូលរួមជួយថែរក្សានូវកេរិ៍តតំណែល ពីដូនតាខ្មែរ​។

ទន្ទឹមនឹងនេះ​ លោក វិន ឡៃជូ អគ្គនាយករងបច្ចេកទេសវប្បធម៌ និងជានាយកស្ដីទីសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ក៏បានបន្ថែមថា ក្រោយពីសិស្សបញ្ចប់ការសិក្សាសញ្ញាប័ត្របាក់ឌុប ដែលមានចំណេះជំនាញឯកទេសរៀងៗខ្លួន អាចយកទៅប្រកបរបរចិញ្ចឹមជីវិតបាន ហើយកន្លងមក មានសិស្សមួយចំនួនក៏មានឱកាស បានចេញទៅធ្វើការនៅក្រៅប្រទេស ទៀតផង។

សូមជម្រាបថា ការ​ប្រឡង​​ឯក​ទេស​ជំនាញ​បញ្ចប់​សញ្ញាប័ត្រ​សិល្បៈ​ និង​ស្មាតកបត្រសិល្បៈ​​ឆ្នាំ​សិក្សា ​២០១៧-២០១៨ នេះ ​បេក្ខជន​បាន​យក​របាំ​ប្រពៃណី​ខ្មែរ​ មក​ធ្វើ​ការ​បង្ហាញ​ជូន​មាន​ដូច​ជា​​ របាំ​បុរាណ «ឈួយឆាយបួងសួង» , របាំ​ប្រពៃណី​«ល្បុក្កតោ» , ល្ខោន​យីកេ«មា​យើង», សៀក​«មហិទ្ធិឫទ្ធិ​​​នាគ​រាជ», ល្ខោន​និយាយ ​«កំពង់ធំ​ជំរុំចិត្ត» និង​ល្ខោន​បាសាក់​ «មរណមាតា»។ ការប្រឡងនេះ មានរយៈពេល ៣ ថ្ងៃ គឺចាប់ពីព្រឹកថ្ងៃទី ០៩ ខែ សីហា ដល់ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៨ ខាងមុខនេះ៕