(ប៉ៃលិន)៖ មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារដែលដាក់តាំងលក់ នៅ​ផ្សារ ​ប៉ា​ងរលឹម និង​តាមគេហដ្ឋាន ស្ថិត​នៅ​ភូមិប៉ា​ងរ​លឹម ​សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ដែលយុទ្ធនាការនេះដឹកនាំដោយលោក ឈឹម វាសនា ប្រធានសាខា។

លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យដឹងថា នៅក្នុងការចុះពិនិត្យរកទំនិញខូចគុណភាពនៅក្នុងផ្សារ គឺបានធ្វើតេស្តបឋមទៅលើផលិតផលមួយចំនួនដែលដាក់តាំងលក់។

បើតាមលោក ឈឹម វាសនា មន្រ្តីកាំកុងត្រូលរបស់លោកបានរកឃើញទំនិញមួយចំនួនដែលខូចគុណភាពផងដែររួមមាន៖ ទឹក​ក្រូច​ដប​ជ័រ, ភេសជ្ជះ​កំប៉ុង, ស្រាបៀរ​ដប, ស្រាបៀ​រកំប៉ុង, មី​កំប៉ុង, ទឹក​ម្ទេស​ដប, ស្ករ​គ្រាប់​ដូង, ចាហ៊ួ​យក​ញ្ច​ប់ និងប័​រប្រ​អប់សរុបចំនួន401.5គីឡូក្រាម។

ជាមួយគ្នានេះ លោកប្រធានសាខាក៏បានសំណូមពរ ដល់អាជីវករទាំងអស់ សូមកុំខឹងមន្រ្តីកាំកុងត្រូល ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ដែលទទួលទាន ហើយខូចសុខភាពនោះ។

លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ជាមួយគ្នានោះដែរក្រុមការងារ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕