(ភ្នំពេញ)៖ គិតចាប់ពីខែសីហា​នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយភាគីពាក់ព័ន្ធ បានចាប់ផ្តើមពិភាក្សាការងារផ្ទៃក្នុងរៀងៗខ្លួន ដើម្បីត្រៀមចរចារអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងកម្ពុជា សម្រាប់ឆ្នាំ២០១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ។

សេចក្តីជូនដំណឹង ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងថា កាលវិភាគនៃការចរចាប្រាក់ឈ្នួលអបប្បរមាផ្នែកវាយនភណ្ឌ​​ កាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០១៩ នឹងធ្វើឡើងទៅតាមពេលវេលា និងលក្ខណវិនិច្ឆ័យដូចខាងក្រោម៖

*ខែសីហា ឆ្នាំ២០១៨ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា លក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី

*ខែកញ្ញា ឆ្នាំ២០១៨ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា លក្ខណៈត្រីភាគី

*គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ​ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។

*គ្រប់ភាគីទាំងអស់ សូមផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងតាមលក្ខណវិនិច្ឆ័យទាំង៧ ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។

សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា បានចាប់ផ្តើមដំឡើងកាន់តែខ្ពស់ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៨ ប្រាក់ឈ្នួលរបស់កម្មករ បានកើនដល់ចំនួន ១៧០ដុល្លារអាមេរិកក្នុង១ខែ៕