(ភ្នំពេញ)៖ កីឡាការិនីហែលទឹកជម្រើសជាតិ ដែលពោរពេញដោយសមត្ថភាព និងសម្រស់ គឺកញ្ញា ហែមថុន វិទិនី ក្រៅពីការងារសព្វថ្ងៃ ត្រូវបានមហាជនទូទៅ កោតសរសើរហើយនោះ នាងក៏មានរឿងមួយចំនួន កំពុងតែស្ថិតក្នុងចម្ងល់ របស់ទស្សនិកជនផងដែរ។ ដោយកាលពីមួយរយៈមុន នាងបានបង្ហាញមុខមាត់បុរសម្នាក់ ថតកៀកកើយគ្នា ប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោង ក្រោយពីបែកបាក់ស្នេហ៍ ជាមួយនឹងកីឡាករបាល់ទាត់មួយរូប។ ហេតុនេះហើយ មានចម្ងល់មិនតិចទេ ដែលទស្សនិកជនកំពុងចង់ដឹង នូវការបកស្រាយឲ្យច្បាស់ ចេញពីមាត់របស់កីឡាការិនីរូបនេះ។ ក្នុងនោះ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ នាងនឹងចូលមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

ជាការពិត កញ្ញា ហែមថុន វិទិនី បន្ទាប់ពីបែកបាក់ស្នេហា ជាមួយនឹងកីឡាបាល់ទាត់ គឺលោក ចាន់ វឌ្ឍនាកា រួចមក នាងតែងតែបង្ហាញមុខបុរសម្នាក់ទៀត ដោយបញ្ចេញកាយវិកាជិតស្និទ្ធ ប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោង ខណៈបុរសម្នាក់នោះ ត្រូវបានគេដឹងថា គឺជាកីឡាករបាល់ទាត់ ដែលមានឈ្មោះថា សំអឿន ពិដោរ។ តែយ៉ាងណា ការសង្ស័យដែលថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នានោះ នៅមិនទាន់មានការបកស្រាយច្បាស់ ពីសាមីខ្លួននោះទេ។ ជាពិសេសទស្សនិកជន នៅតែទន្ទឹងរងចាំមើលថា តើបុរសជិះសេះសរ ដែលអាចមកឆក់យកបេះដូងរបស់ កញ្ញា ហែមថុន វិទិនី បាននោះ ជាកីឡាករ ឬជានរណាផ្សេង?

យ៉ាងណាមិញ ពាក់ព័ន្ធនឹងចម្ងល់ទាំងនេះ កញ្ញា ហែមថុន វិទិនី នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យមហានជនជ្រាប់កាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅល្ងាចទី ១១ ខែសីហា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕