(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន បានល្អប្រសើរ ក្នុងតួនាទីបម្រើឲ្យវិស័យសន្តិសុខជាតិ ដោយសហការជាមួយបណ្តាអង្គភាព មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ធានារក្សាបាននូវសន្តិសុខក្នុងខេត្តបានល្អ និងការពារសន្តិសុខ ក្នុងយុទ្ធនាការរកសំឡេងឆ្នោត និងដំណាក់ការបោះឆ្នោត។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ ក្នុង​កិច្ចប្រជុំត្រួតពិនិត្យ តាមដានការងារដឹកនាំ ពង្រឹងការងារជំនាញ ដោះស្រាយបញ្ហាប្រឈម និងវាយតម្លៃសភាពការណ៍ពេលបោះឆ្នោត ក្រោយពេលបោះឆ្នោត និងការងារផ្សេងៗទាក់ទងនឹងការបោះឆ្នោត នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។

​លោកឧត្តមសេនីយ៍ទោ ឯម កុសល បានគូសបញ្ជាក់ថា ដើម្បីឲ្យសន្តិសុខក្នុងខេត្តកំពង់ចាម រឹតតែបានល្អប្រសើរនោះ កម្លាំងនគរបាលជំនាញសន្តិសុខ និងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងកម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន ត្រូវតែរឹតបន្តឹង និងចុះក្តាប់ពីសភាពការណ៍ស្រាវជ្រាវ ពីមុខសញ្ញាបង្កបទល្មើសព្រហ្មទណ្ឌពិសេស គឺមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលតែងបង្ក នូវភាពអសន្តិសុខ ប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ ដូចជា៖ អំពើលួច ឆក់ ប្លន់ និងប្រើអំពើហិង្សាទាំងនេះ គឺផ្តើមចេញពីបញ្ហា នៃការប្រើប្រាស់គ្រឿងញៀន។​

ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តើផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ សហការជិតស្និត ជាមួយបណ្តាអង្គភាពក្នុងខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថា្នក់ ព្រមទាំងណែនាំឲ្យកងកម្លាំងទាំងអស់គ្នា ត្រៀមលក្ខណសម្បត្តិទុកជាមុន ដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្នុងករណីមានគ្រោះថ្នាក់ណាមួយ ដែលកើតឡើងដោយសារទឹកជំនន់៕