(ភ្នំពេញ)៖ ក្រោយពីប្រជាពលរដ្ឋរស់នៅតាមលំនៅដ្ឋាននីមួយៗ ជួរមាត់ទន្លេ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដាកន្លង ទៅជូនគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះយ៉ាងខ្លាំងនោះ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ ពួកគាត់បានទទួលការសំពះថ្លែងអំណរគុណពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងអាជ្ញាធរសង្កាត់-ភូមិ រួមជាមួយមន្ត្រីពាក់ព័ន្ធ ក្រោមអនុសាសន៍ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានមានប្រសាសន៍ថា «ក្នុងនាមមន្ត្រី មិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋនោះទ ផ្ទុយទៅវិញ មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»។
លោក ជា ពិសី បានគូសបញ្ជាក់ថា «ក្នុងនាមមន្ត្រី មិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋនោះទ ផ្ទុយទៅវិញ មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់» ដោយតម្រូវឲ្យអាជ្ញាធរ ក្រោយពីបោះឆ្នោតរួច ចាំបាច់ត្រូវចុះថ្លែងអំណរគុណប្រជាពលរដ្ឋ និងបន្តបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោត ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌ ស្របតាមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ជា ពិសី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅ តាមលំនៅដ្ឋានជួរមាត់ទន្លេនិមួយៗ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងខ្លាំង ក្នុងការជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៦ កាលពីចុងខែកក្កដា ថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ដោយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា បងប្អូនបានសម្ដែងពីឆន្ទះគាំទ្រយ៉ាងពេញទំហឹងចំពោះ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែបន្ដចុះជួបសំណេះសំណាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ទោះបីមិនទាន់បង្កើតរាជរដ្ឋាភិបាលថ្មីក៏ដោយ ដើម្បីឆ្លើយតបនូវការខិតខំរបស់ពលរដ្ឋ ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា៕