(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ លោក ជីវ អានុសន នាយកក្រុមហ៊ុនអង្ករកសិកម្មរុងរឿងចំកាត់ ជួបពិភាក្សាអំពីគម្រោងវិនិយោគទុន
ជាមួយសហគមន៍អ៊ឺរ៉ុប លើវិស័យកសិកម្ម ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនអង្ករកសិកម្មរុងរឿងចំកាត់។
លោក ជីវ អានុសន បានឲ្យដឹងថា រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគលើដំណាំស្រូវ និងកែច្នៃអង្ករក្នុងខេត្តចំនួន៤រួមមានខេត្ត៖ កំពង់ស្ពឺ, កំពត, តាកែវ, និងខេត្តកណ្តាល ដោយអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាជាមួយ កសិករជាង២ម៉ឺនគ្រួសារ ផលិតស្រូវចំណី និងជាង២ពាន់គ្រួសារទៀត ជាអ្នកផលិតពូជតាមរយៈផ្តល់ពូជ និងបច្ចេកទេស រួចប្រមូលទិញ ដើម្បីធ្វើការកែច្នៃរួចនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន និងអ៊ឺរ៉ុប។
ក្រុមហ៊ុនគ្រោងពង្រីក ផលិតកម្មបន្ថែម នៅតាមខេត្តទូទាំងប្រទេស ដោយខ្ចីទុនវិនិយោគ ពីសហគមន៍អ៊ឺរ៉ុប នៅពេលអនាគត។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានគាំទ្រចំពោះគម្រោងនេះ ដោយផ្អែកទៅលើហេតុផល មួយចំនួនដូចជា៖
១៖ ជួយជំរុញផលិតកម្មពូជស្រូវសុទ្ធល្អ ឆ្លើយតបតាមទម្រូវការទីផ្សារ។
២៖ រួមគ្នាជំរុញការធ្វើទំនើបកម្ម ផលិតកម្មដំណាំស្រូវ។
៣៖ ចូលរួមលើកស្ទួយកម្រិតជីវភាព ប្រជាកសិករ តាមរយៈបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។
លោករដ្ឋមន្រ្តីបានស្នើឲ្យ ក្រុមហ៊ុនសហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម នាយដ្ឋានពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅ ដើម្បីពិនិត្យ និងសិក្សាវាយតម្លៃទៅលើគោលការណ៍ច្បាប់ និងបច្ចេកទេសឲ្យបានទូលំទូលាយ និងស៊ីជម្រៅជាមុនសិន។
លោកបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណា ក្រសួងនៅតែគាំទ្រគម្រោង ដែលក្រុមហ៊ុនបានលើកឡើងខាងលើ និងរង់ចាំផ្តល់កិច្ចសហការ៕