កាំកុងត្រូលអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចុះពិនិត្យទំនិញនៅផ្សារជម្ពូរវ័ន្ដ ខណ្ឌពោធិ៍សែនជ័យ រកឃើញប្រហិតត្រីលាយសារធាតុគីមី
09-08-2018 13:30
(ភ្នំពេញ)៖ មន្ត្រីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដឹកនាំដោយ លោក ហុង លឹមហ៊ុន ប្រធានប៉ុស្តិ៍ បានសហការជាមួយមន្ត្រីមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល (រួមជាមួយរថយន្តពិសោធន៍ចល័ត) និងមន្រី្តមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សាររជម្ពូរវ័ន្តដើម្បីចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារជម្ពូរវ័ន្ត។
ប្រតិបត្តិការនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមការងារ ក៏បានអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារដល់អាជីវករ
ដោយមន្ត្រីជំនាញបានយកគំរូ ម្ហូបអាហារមួយចំនួនដូចជា សសៃគុយទាវ មី គ្រឿងសមុទ្រ ប្រហិតគ្រប់មុខ និងបន្លែដើម្បីរកសារធាតុគីមី ដែលច្បាប់ហាមឃាត់ ទៅធ្វើការពិនិត្យ។
បើតាមលោក ហុង លឹមហ៊ុន បានបញ្ជាក់ថា ជាលទ្ធផល ជំនាញបានរកឃើញនៅក្នុងប្រហិតត្រីចម្រុះ (ត្រីឆ្កោក និងត្រីឆ្ពិន) មានវត្តមានសារធាតុគីមីបូរ៉ាក់ ចំនួន២.៥គីឡូក្រាម និងត្រីកាប០.៧៥គីឡូក្រាម។
លោកប្រធានប៉ុស្ដិ៍ បានឲ្យដឹងថា សមត្ថកិច្ចជំនាញបានដកហូតដើម្បីយកទៅកម្ទេចចោលតាមនីតិវិធី និងកំពុងស្រាវជ្រាវបន្តរកកន្លែងប្រភពចែកចាយ ហើយបានណែនាំដល់អាជីវករ អំពីការរក្សាទុកទំនិញឲ្យបានត្រឹមត្រូវ និងយល់ដឹងអំពីការទទួលខុសត្រូវចំពោះច្បាប់លើផលិតផល ទំនិញ ម្ហូបអាហាររបស់ខ្លួនលក់៕