អភិបាលក្រុងប៉ោយប៉ែត៖ ចាប់ពីម៉ោងនេះ ថ្ងៃនេះ នឹងរៀបចំសោភ័ណភាព តាមដងផ្លូវឲ្យបានស្អាត (Video inside)
09-08-2018 12:24
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោក ទូច មុនី អភិបាលរងខេត្តបានដឹកនាំមន្ត្រី ជំនាញ មេភូមិបាលិលេយ្យ១ មេភូមិបាលិលេយ្យ២ ប្រជាការភូមិ ចុះពិនិត្យជាក់ស្តែង ប្រព័ន្ធលូ បូបលូ បូបដី និងរៀបចំសោភ័ណភាពតាមដងផ្លូវបេតុង ចាប់ផ្តើមពីចំណុចផ្លូវក្រោយធនាគារអេស៊ីលីដា ក្រុងប៉ោយប៉ែតមុនគេ។
លោក សាន ស៊ានហូ បានឲ្យដឹងថា ចាប់ពីម៉ោងនេះ ពេលនេះ ថ្ងៃនេះ ចំណុច២ភូមិនេះ ត្រូវធ្វើមុនគេក្នុងរយះពេល១សប្តាហ៏ឲ្យបានស្អាត មានអនាម័យល្អ សោភ័ណភាពរតាមដងផ្លូវសាធារណៈ មិនអនុញ្ញាតិឲ្យមានការដាក់តាំងលក់ ទំនិញ សម្ភារ សំរាមហៀរចូលមកលើផ្លូវបេតុងជាដាច់ខាត់។
លោកបានសង្គត់ធ្ងន់ៗថា «បើធ្វើមិនកើតទេ ដើរចេញពីការងារជាមេភូមិទៅ ទុកឲ្យអ្នកចង់ធ្វើវិញទៅ មិនទុកឲ្យមានរបៀបនេះទៀតទេ ត្រូវប្រឹងប្រែងទាំងអស់គ្នា មិនមែនប្រឹងប្រែងតែខ្ញុំឡើយ បើរបៀបមិនអាចដឹកនាំការអភិវឌ្ឍក្រុងប៉ោយប៉ែតមួយនេះបានឡើយ ដូច្នេះត្រូវធ្វើពីចំណុចសូន្យឡើងវិញទាំងអស់»។
ក្នុងឱកាសចុះពិនិត្យមើលសោភ័ណភាពក្នុងទីក្រុងប៉ោយប៉ែតនេះដែរ ប្រជាពលរដ្ឋបានចូលរួមមតិជាច្រើន និងស្រដៀងគ្នាថា បានសន្យាចូលរួមចំណែកជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត ដើម្បីឲ្យក្រុងប៉ោយប៉ែតមួយនេះស្អាត មានសោភ័ណភាពល្អ សណ្តាប់ធ្នាប់ល្អ ទោះបីជាពួកគាត់ត្រូវរុះរើ កាត់សំយ៉ាប ជាពិសេស សម្ភារការលក់ដូរហៀរចូលចិញ្ចើមផ្លូវក៏ដោយ៕