Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

JCI ប្រកាសបន្តបើកយុទ្ធនាការ «តោះយើងនាំគ្នាំដាំដើមឈើប្រចាំឆ្នាំ២០១៨» នាថ្ងៃទី១៧-១៩ ខែសីហា នៅខេត្តមណ្ឌលគីរី, នៅឆ្នាំ២០២០ គ្រោងដាំដើមឈើឲ្យបាន៥ម៉ឺនដើម

09-08-2018 12:00

(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចតុមុខ សហការជាមួយអង្គការអភិរក្សសត្វព្រៃ (WCS) នឹងរៀបចំយុទ្ធនាការដែលមានឈ្មោះថា «តោះយើងនាំគ្នាដាំដើមឈើ២០១៨» ឬ "Let’s Plant 2018។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា សាខាចតុមុខ បានបញ្ជាក់ថា សម្រាប់យុទ្ធនាការ «តោះយើងនាំគ្នាដាំដើមឈើ២០១៨» នេះដែរ នឹងប្រារព្ធធ្វើនៅថ្ងៃទី១៧ ដល់១៩ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងតំបន់កែវសីមា ខេត្តមណ្ឌលគិរី។

នៅក្នុងឆ្នាំនេះ យុទ្ធនាការបានផ្តោតជាសំខាន់ទៅលើប្រធានបទ «Everyone Matters, Every Trees Matters» ដែលមានន័យថា «មនុស្សគ្រប់គ្នាសំខាន់ ដើមឈើគ្រប់ៗដើម សុទ្ធតែសំខាន់ដូចគ្នា»។ សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋ ទៅលើសារសំខាន់ នៃព្រៃឈើ ព្រមទាំងផ្ដល់ឱកាសដល់ក្រុមហ៊ុន និងយុវជនស័្មគ្រចិត្ត បានចូលរួមបំពេញកាតព្វកិច្ចសង្គម។

តាមរយៈគម្រោងនេះ អ្នកចូលរួម អាចទទួលបានបទពិសោធន៍ ក្នុងការបោះជំរុំនៅក្នុងព្រៃយ៉ាងពិតប្រាកដ ព្រមទាំងបង្កើនការយល់ដឹងពីការថែរទាំដើមឈើ បរិស្ថានធម្មជាតិ និងជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់នោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមក៏អាចជួយពិនិត្យមើល ក៏ដូចជា ថែរក្សាដើមឈើ ដែលបានដាំរួច ដោយគម្រោង «តោះយើងនាំគ្នាដាំដើមឈើ ២០១៧» និងបន្ដការដាំដើមឈើបន្ថែមទៀតឲ្យបាន ប្រមាណ៥០,០០០ដើម ក្នុងឆ្នាំ២០២០ នៅក្នុងសហគមន៍មូលដ្ឋាន។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៧ យុទ្ធនាការដាំដើមឈើ បានប្រព្រឹត្តិ ឡើងនៅតំបន់កែវសីមា ដែលយើងបានដាំដើមឈើ ប្រមាណជាង ១០,០០០ដើម នៅក្នុងសហគមន៍មូលដ្ឋាន។ ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន ក៏ដូចជាបណ្តុះស្មារតីស្រលាញ់ព្រៃឈើ យុទ្ធនាការ «តោះយើងនាំគ្នាដាំដើមឈើ ២០១៨» ក៏បានផ្តល់ឱកាសដល់បណ្តាសាធារណជន ព្រមទាំងក្រុមហ៊ុនឯកជននានា ដើម្បីចូលរួមចំណែកបំពេញកាតព្វកិច្ច និងកិច្ចការងារអភិវឌ្ឍជ្រុងមួយនៃសង្គមជាតិទាំងមូល ក្នុងន័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យុទ្ធនាការ «តោះយើងនាំគ្នាដាំដើមឈើ ២០១៨» សង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់ ក៏ដូចជាស្ថាប័ននានា នឹងចូលរួម ផ្តល់ជាមូលនិធិ ជាចាំបាច់បំផុតសម្រាប់ ទ្រទ្រង់គម្រោង របស់ពួកយើង។ ការគាំទ្ររបស់អ្នកទាំងអស់គ្នា គឺជាការគាំទ្រដ៏មានតម្លៃ ដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរ ដល់បរិស្ថាននៃប្រទេសកម្ពុជាយើង៕