(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកស្រី ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្រ្វិកបូព៌ានៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និងលោក ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្គីណេ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសដែលទើបចូលមកជំនួសតំណែងលោក ជុំ សុន្ទរី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះលោកស្រី ល្វីស មុស៊ីគីវ៉ាបូ បានជម្រាបគោលបំណងរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ។ បំណងរបស់លោកស្រី គឺស្វែងរកការគាំទ្រពីប្រទេសកម្ពុជាដែលជាសមាជិកអង្គការប្រទេសនិយាយភាសាបារាំង បោះឆ្នោតគាំទ្រលោកជំទាវធ្វើជាអគ្គលេខាធិការថ្មីនៃអង្គការមួយនេះ។
លោកស្រី បានអះអាងថា បើសិនលោកស្រីជាប់ជាអគ្គលេខាធិការនៃអង្គការអន្តរជាតិមួយនេះ លោកជំទាវនឹងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ជាពិសេសផ្តោតលើយុវជនធ្វើឲ្យមានតុល្យភាពរវាងទិដ្ឋភាពនយោបាយ ក៏ដូចជាទិដ្ឋភាពសេដ្ឋកិច្ច។ លោកស្រី ក៏សន្យាជំរុញតួនាទីអង្គការអន្តរជាតិនេះ ឲ្យមានតុល្យភាពផងដែរលើការអនុវត្តន៍នូវនយោបាយ និងសេរីភាពរបស់ប្រទេសជាសមាជិក។
បើតាមអ្នកនាំពាក្យថ្មីរូបនេះ ជាកិច្ចឆ្លើយតបលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអរគុណចំពោះវត្តមានរបស់លោកស្រី ល្វីស មុស៊ីគីវ៉ាបូ និង លោក ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្គីណេ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ចំពោះសំណើគាំទ្រលោកស្រី ល្វីស មុស៊ីគីវ៉ាបូ ជាអគ្គលេខាធិការថ្មីនៃអង្គការប្រទេសនិយាយភាសាបារាំងនោះ ត្រូវបានក្រសួងការបរទេសដាក់សំណើសម្រេចទៅរាជរដ្ឋាភិបាលកម្ពុជារួចហើយ។ ចំណែកលទ្ធផលនឹងដឹងនៅពេលបោះឆ្នោតដែលនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០១៨ នៅប្រទេសអាមេនី។
ក្នុងជំនួបព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនភ្ញៀវ និងចែករំលែកគំនិតមួយចំនួនលើកិច្ចសហប្រតិបត្តិការ និងការជំរុញឲ្យអង្គការប្រទេសនិយាយភាសាបារាំងមានការរីកចម្រើន និងវិបុលភាព។
សូមបញ្ជាក់ថា លោកស្រី ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្រ្តីការបរទេសកិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្រ្វិកបូព៌ានៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និងលោក ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្គីណេ គឺជាភ្ញៀវអន្តរជាតិដំបូងគេហើយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។
លោកស្រី ល្វីស មុស៊ីគីវ៉ាបូ និងឯកឧត្តម ម៉ាម៉ាឌី ទូរ៉េ កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិន ដូចជា កម្ពុជា ឡាវ និងវៀតណាម ដើម្បីស្វែងរកការគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង៕