(ត្បូងឃ្មុំ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ នឹងអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ជាង៣ពាន់គ្រួសារ នៅឃុំចំនួន២ ក្នុងស្រុកក្រូចឆ្មារ។ ពិធីនេះនឹងត្រូវធ្វើឡើងនៅទួលចំការគរ ស្ថិតក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ អភិបាលខេត្តត្បូងឃ្មុំ លោក លី ឡេង, អភិបាលរងខេត្ត លោក ហាក់ សុខមករា និងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចុះរៀបចំ និងពិនិត្យទីតាំងប្រារព្ធពិធីដែលស្ថិតនៅភូមិឃុំខាងលើ ដើម្បីត្រៀមទទួលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងអញ្ជើញចែកអំណោយ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ។
ថ្លែងប្រាប់អង្គភាព Fresh News លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងថា សម្រាប់ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ មានប្រជាពលរដ្ឋជាង២,៦០០គ្រួសារ ប៉ុន្ដែប្រជាពលរដ្ឋជាង៥០០គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាព ដែលមានទំហំដីប្រមាណ១ហិចតាប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា បច្ចុប្បន្ននេះទួលសុវត្ថិភាពក៏កំពុងតែប្រឈមនឹងការលិចលង់ផងដែរ ប្រសិនបើទឹកនៅតែបន្ដកើនឡើង ២តឹក ឬ២.៥តឹកទៀត សម្រាប់ឃុំកំពង់ទ្រាស ទាំងមូលគ្មានទីទួលសុវត្ថិភាពនោះទេ។ ដោយឡែក មានប្រជាពលរដ្ឋខ្លះកំពុងតែស្នាក់នៅសាលារៀន ឬវិហារឥស្លាម ដែលមិនទាន់ទឹកជន់លិច។
សម្រាប់បញ្ហាប្រឈមនេះ ត្រូវបានលោកឧត្តមសេនីយ៍ បែន រ័ត្ន បញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ លោកនឹងចាត់កម្លាំងនគរបាលចំនួន១៥០នាក់ ទៅកាន់ឃុំកំពង់ទ្រាស ដើម្បីទៅបម្រើប្រជាពលរដ្ឋដែលកំពុងនៅទីទួលសុវត្ថិភាព និងជាពិសេសជួយដឹកជញ្ជូនស្បៀងរបស់កាកបាទក្រហមកម្ពុជា ដែលមានអង្ករប្រមាណ៩០តោន និងសម្ភារៈផ្សេងៗទៀត ប្រមាណ១០០តោន សម្រាប់ឧបត្ថម្ភជូនពួកគាត់៕