(ភ្នំពេញ)៖ ជនត្រូវចោទពាក់ព័ន្ធបទល្មើសឆក់ (លួចមានស្ថានទម្ងន់ទោស) ចំនួន០៣នាក់ ត្រូវបានលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ និងម្នាក់ទៀត ជាប់ចោទពីបទរក្សារទុកនូវគ្រឿងញៀនដោយខុសច្បាប់ ក៏ត្រូវបានសម្រេចឃុំខ្លួនដូចគ្នា ដែរដោយចៅក្រមស៊ើប លោក ឌុច សុខសារិន។
ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងនៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ក្រោយជនសង្ស័យទាំង០៤នាក់នេះ ត្រូវបានចាប់ខ្លួនដោយ កម្លាំងនគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ និងបន្ទាប់ពីតំណាងអយ្យការបានបញ្ចប់ការសន្និដ្ឋានបទចោទរួច។
បើតាមរបាយការណ៍សម្ថកិច្ចបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យមានម្នាក់ប្រើប្រាស់គ្រឿងញៀន និង៣នាក់ផ្សេងទៀត ដែលជំនាញឆក់ទ្រព្យសម្បត្តិផ្សេងៗ ពីជនបរទេស និងប្រជាពលរដ្ឋខ្មែរតាមដងផ្លូវយ៉ាងសកម្ម។
ពួកគេធ្វើសកម្មភាពបានសម្រេចចំនួន៨លើកមកហើយ ទាំងនៅខេត្តកណ្ដាល និងនៅរាជធានីភ្នំពេញនោះ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាន និងរៀបចំធ្វើសន្និសីតសារព័ត៌មាន ដើម្បីបង្ហាញមុខជាសាធារណៈមុនបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលបានដឹកនាំប្រតិបត្តិការបង្ក្រាបនេះ បានឲ្យដឹងថា ប្រតិបត្តិការនេះ ស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះបរទេសឈ្មោះ CHALOU CLARA ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិបារាំង មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 18DC69580 ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្នាក់នៅបន្ទប់លេខ៦ ផ្ទះសំណាក់ឡេស៊ីកេកូ ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ សៅ ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ ស្នាក់នៅផ្ទះលេខ៤៨៩ ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ស្ដីពីករណីមានក្រុមចោរធ្វើសកម្មភាពឆក់កាបូបស្ពាយរួចមក។
កម្លាំងការិយាល័យជំនាញ បានបើកការស៊ើបអង្កេតភ្លាមៗ រយៈពេលពេញមួយសប្ដាហ៍ឯណោះ ទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យបាន ក្រោយពីធ្វើសកម្មភាពឆក់យ៉ាងសកម្ម នាពេលកន្លងមកចំនួន៨លើកមកហើយ នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ, សង្កាត់ផ្សារដើថ្កូវ ខណ្ឌចំការមន, សង្កាត់ផ្សារដេប៉ូ១ សង្កាត់ទឹកល្អក២ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក, សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ។
ប៉ុន្ដែរឿងដែលគួរឲ្យកត់សម្គាល់នោះ ជនរងគ្រោះ សៅ ស៊ីណា ជានគរបាលជាតិ បានបាត់បង់អាវុធខ្លី១ដើមម៉ាក19-GLock ពណ៌ខ្មៅ លេខBDZV119 ផលិតនៅប្រទេសអូស្ត្រាលី, បណ្ណសម្គាល់ខ្លួនមន្ត្រីនគរបាល, បណ្ណបើកបរ, បណ្ណសម្គាល់យានយន្ដ, អត្តសញ្ញាណបណ្ណសញ្ជាត្តិខ្មែរ១សន្លឹក, លុយចំនួន៣០០ដុល្លារ និងសម្ភារមួយចំនួនទៀត។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្ថែមថា ក្នុងប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យ ជាចោរឆក់យ៉ាងសកម្មទាំង៤នាក់ កម្លាំងជំនាញបានរកឃើញដកហូតវត្ថុតាងជាមធ្យោបាយ ក្នុងសកម្មភាពមួយចំនួនមាន ម៉ូតូ៣គ្រឿងម៉ាក SUZUKI NEX ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1DC-5821, ម៉ូតូម៉ាក SUZUKI NEX ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ1FY-8203, ទូរស័ព្ទដៃម៉ាកណូគៀ ពណ៌ខ្មៅ១គ្រឿង, ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ស២គ្រឿង និងខ្សែដៃលោហធាតុ ពណ៌លឿងស (ក្លែងក្លាយ) មួយខ្សែ និងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨មួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-9118, ដាវ២ដើមផងដែរ។
ដោយឡែក វត្ថុតាងជារបស់ជនរងគ្រោះជនជាតិបារាំង ដែលត្រូវបាត់បង់មានកាបូបស្ពាយ ពណ៌ខ្មៅចំនួន១ និងលិខិតឆ្លងដែនចំនួន១ រួមជាមួយវត្ថុតាង ជារបស់ជនរងគ្រោះឈ្មោះ សៅ ស៊ីណា រួមមាន៖ ទូរស័ព្ទដៃម៉ាក IPhone5s ពណ៌ស ១គ្រឿង កាបូបស្ពាយម៉ាក LV ពណ៌សុកកូឡាចំនួន១ និងសោរបងផ្ទះប្រើតេឡេចំនួន១ កាបូបយួដៃមនុស្សស្រីចំរុះពណ៌ ចំនួន៤៨ កាបូបស្ពាយចំនួន១២ កាបូបដៃចំនួន១២ សោឡានចំនួន៥ សោម៉ូតូចំនួន២។
លោកវរសេនីយ៍ឯកនាយការិយាល័យដដែលនេះ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) និងប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រតិបត្តិការតាមស៊ើបអង្កេតនេះ ទី១៖ឈ្មោះ ហូ ផាន់ណា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ឈ្មោះ ទន់ អង្គាបុត្រ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៣៖ឈ្មោះ កែវ សុខ វិសាល អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤៖ឈ្មោះ ហេង ដារ័ត្ន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រកដ ដកហូតបានម្សៅក្រាមពណ៌សថ្លា១កញ្ចប់តូច និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ៕