(សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានចេញមកច្រានចោលទាំងស្រុងនូវព័ត៌មានថា បុរសមគ្គទេសក៍ទេសចរ ភាសាអង់គ្លេសម្នាក់ Live វីដេអូតាមបណ្ដាញសង្គម Facebook ថាជួបករណីចោរប្លន់ម៉ូតូ រហូតរងរបួសបែកក្បាលនោះ មិនមែនជាការពិតនោះទេ។ ព្រោះក្រោយការសួរនាំ ជនរងគ្រោះត្រូវបានមនុស្សមួយក្រុម ព្រួតគ្នាវ៉ៃដោយយល់ច្រឡំថា ជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើកម៉ូតូគេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ទោស្នងការ បានរៀបរាប់ថា ជនរងគ្រោះនៅក្នុងករណីនេះ ឈ្មោះ ហៀក សេងហួត ឈ្មោះក្រៅ ហួត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមគ្គទេសក៍ទេសចរ ភាសាអង់គ្លេស មានទីលំនៅបច្ចុប្បន្ន នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានលេខទូរស័ព្ទ ០៩២ ២៦៥ ៦១១ និងប្រើប្រាស់ Facebook ឈ្មោះ «Hout Robin»។
លោកស្នងការបានបំភ្លឺថា ដោយមានការណាត់ជូនភ្ញៀវទេសចរ ដើរទស្សនាតំបន់ប្រាសាទអង្គរ នៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាក កាមរីកាលីហ្វញ៉ា ពណ៌ទឹកប្រាក់ ស្លាកលេខ ក6041-ភព2 ដើម្បីទៅផឹកកាហ្វេនៅហាងអ៊ីហុង នៅម្តុំផ្សាររាត្រី ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្រោយផឹកកាហ្វេហើយ នៅវេលាម៉ោង៤៖២០នាទី រូបគាត់បានឡើងបើករថយន្ត ដើម្បីបន្តចេញដំណើរទៅជួបភ្ញៀវ ដែលបានណាត់ជួប ខណៈដែលមេឃកំពុងមានភ្លៀងធ្លាក់ផងដែរ។
តែទៅដល់ចំណុចខាងមុខ ភោជនីយដ្ឋានហូមថូ (Home2) ស្ថិតក្នុងភូមិសង្កាត់ដដែល ក៏ប្រទះឃើញម៉ូតូមួយគ្រឿង ជិះគ្នាពីរនាក់ បានដួលនៅលើផ្លូវ ដោយមិនដឹងមូលហេតុ ដោយឃើញបែបនេះគាត់ក៏ឈប់រថយន្ត បម្រុងចុះទៅជួយមើល អ្នកដែលជិះម៉ូតូដួលតែពេលបើកទ្វារថយន្តភ្លាម ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ផ្សេងទៀត បានដើរសំដៅមកប្រើអំពើហិង្សា លើខ្លួនគាត់ជាជនរងគ្រោះតែម្តង។
ចំណែកឯបុរសទាំងពីរនាក់ ដែលជិះម៉ូតូដួលនោះ ក៏ងើបមកវ៉ៃលើដងខ្លួនគាត់ ជាជនរងគ្រោះផងដែរ បណ្តាលឲ្យបែកក្បាលហូរឈាម ជនរងគ្រោះបានស្រែកខ្លាំងៗ ឲ្យអ្នកក្បែរកន្លែងកើតហេតុជួយដែរ តែគ្មានអ្នកណាមកជួយជនរងគ្រោះឡើយ ខណៈដែលមេឃនៅតែបន្តភ្លៀងធ្លាក់ខ្លាំង ហើយងងឹតផងដែរ។ ក្រោយប្រើអំពើហិង្សាលើជនរងគ្រោះរួច ជនសង្ស័យទាំង០៤នាក់ បានឡើងជិះម៉ូតូបើកចេញ និងរត់ចេញទៅបាត់។ ចំណែកជនរងគ្រោះ ក៏ឡើងជិះរថយន្តរបស់គាត់ ត្រឡប់ទៅហាងកាហ្វេអ៊ីហុង ដើម្បីឲ្យគេជួយ ហើយអ្នកនៅក្នុងហាងកាហ្វេ បានប្រាប់ជនរងគ្រោះឲ្យទៅមន្ទីរពេទ្យដើម្បី លាងរបួសសិន និងរាយការណ៍ទៅសមត្ថកិច្ច។
បន្ទាប់ពីលាងរបួស និងដេរភ្ជាប់ស្នាមរបួសរួចហើយ ជនរងគ្រោះក៏បានធ្វើដំណើរត្រឡប់មកកន្លែងកើតហេតុវិញ ហើយធ្វើការ Live វីដេអូ Facebook ដោយស្ថិតក្នុងអារម្មណ៍ខឹងផងភ័យផង ជនរងគ្រោះក៏បាននិយាយថា មានចោរប្លន់មកលើខ្លួនគាត់ តែតាមការពិត គឺជាករណីហិង្សាតែប៉ុណ្ណោះ ចំណែកទ្រព្យសម្បត្តិ របស់ជនរងគ្រោះក៏មិនមានការបាត់បង់អ្វីដែរ។
យោងតាមការការបំភ្លឺពីជនរងគ្រោះ និងសាក្សី ចំពោះករណីនេះនគរបាលក្រុងសៀមរាប សូមបដិសេធថា ករណីនេះ មិនមែនជាករណីប្លន់ ដូចការលើកឡើងរបស់ជនរងគ្រោះនោះឡើយ និងសូមអះអាងថាករណីនេះ ជាករណីហិង្សាដែលផ្តើមចេញ ពីគ្រោះថ្នាក់ចរាចរតែប៉ុណ្ណោះ។ ចំណែកជនសង្ស័យ ដែលប្រើអំពើហិង្សាមកលើជនរងគ្រោះ នគរបាលក្រុងកំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ ដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕