(ពោធិ៍សាត់)៖ ក្ដីសង្ឃឹមថ្មី លើទីតាំងចាស់របស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ នៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បានដូចសេចក្ដីប្រថ្នាហើយ គឺក្រោមមូលនិធិ ខេ អឹម អេច (KMH) ដែលជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គម របស់សម្ព័ន្ធ ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ទាំងអស់ បានឧបត្ថម្ភសាលាមួយខ្នងជូនដល់សិស្សានុសិស្ស ដែលបានជួបនូវការលំបាកនោះ។
ទន្ទឹមនឹងនោះ ឌីជេ ណាណា ពិធីការនីល្បីឈ្មោះពូកែវោហា មិនចេះរីងស្ងួត បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយដោយក្រុមហ៊ុន ISI STEEL បានឧបត្ថម្ភសាលារៀនថ្មីមួយខ្នង ជំនួសឲ្យសាលារៀនចាស់ ដែលមានសភាពទ្រុតទ្រោម ដំបូលក៏រហែក ពេលភ្លៀងម្តងៗពិបាកខ្លាំងក្នុងការបន្តការរៀនសូត្ររបស់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល ដោយមានអ្នកខ្លះផ្ទះមានចំងាយដល់ទៅ ៧ឬ៨ គីឡូម៉ែត្រ ពីសាលារៀនថែមទៀតផង។
ឌីជេ ណាណា បានពោលថា «ការសាងសង់សាលារៀនថ្មីជូនពួកគាត់គឺជាការ «ចែករំលែកអំពើល្អ» ហើយបើយើងបានទស្សនាវិដេអូនេះ ពិតជារំជួលចិត្តយ៉ាងខ្លាំង»។
កាលកន្លងមក សិស្សានុសិស្ស បានលើកឡើងពីផលវិបាករបស់ខ្លួនថា «នៅពេលខ្ញុំអង្គុយរៀន មានមេឃភ្លៀងខ្លាំង ពួកយើងទទឹកជោករកកន្លែងអង្គុយគ្មាន, មេឃក្តៅក៏យើងពិបាករៀន, ខ្យល់ខ្លាំងគឺយើងមិនហ៊ាននៅក្នុងសាលាទេព្រោះខ្លាចសាលារលំ។ ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចមានសាលារៀនមួយសមរម្យអាចអង្គុយរៀនបានដោយមិនមានការភ័យខ្លាច ទោះមេឃក្តៅ មានភ្លៀង ឬខ្យល់ខ្លាំង។ ខ្ញុំពិតជាត្រូវការចំណេះដឹងខ្លាំងណាស់ដើម្បីជាទុនសម្រាប់ជួយគ្រួសារខ្ញុំ»។
សូមជម្រាបថា ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) តែងតែយកចិត្តទុកដាក់រួមចំណែក ក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា ហើយនេះក៏មិនមែនជាលើកទីមួយផងដែរ ។
សូមចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នា ហើយសូមជួយ Like និង Share ដើម្បីចែករំលែកដល់បងប្អូនផ្សេងៗ ដើម្បីរួមគ្នាជួយដល់សង្គមយើង៖