(ភ្នំពេញ)៖ ក្រុមហ៊ុនប្រមាណ៣៥០ មកពី៣០ប្រទេស នឹងរៀបចំព្រឹត្តិការណ៍ការតាំងពិព័រណ៍ធំបំផុត លើវិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្គត់ផ្គង់ វិស័យបដិសណ្ឋាកិច្ចនៅកម្ពុជា ដើម្បីដាក់តាំងបង្ហាញម៉ាកផលិតផលល្បីៗ។
សម្រាប់ព្រឹត្តិការណ៍វិស័យម្ហូបអាហារ ភេសជ្ជៈ និងវិស័យបដិសណ្ឋាកិច្ច គឺគ្រោងរៀបចំឡើងនៅមជ្ឈមណ្ឌលពិរព័ណ៍ និងសន្និបាទកោះពេជ្រ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងថា នៅក្នុងព្រឹត្តិការណ៍នោះ មានការប្រកួតប្រជែងផ្នែកធ្វើម្ហូបអាហារ ផ្នែកបដិសណ្ឋាកិច្ច ប្រចាំឆ្នាំ២០១៨ ដែលរៀបចំដោយសហព័ន្ធទេសចរណ៍កម្ពុជា គឺព្រឹត្តិការណ៍ប្រកួតប្រជែងដែលមានការ ចូលរួមពីសំណាក់ចុងភៅជំនាញជាច្រើនរូប និងបុគ្គលិកជំនាញផ្នែកបដិសណ្ឋាកិច្ច ក្នុងការប្រកួតប្រជែងដណ្តើមយកពាន់រង្វាន់ និងកេរឈ្មោះប្រចាំប្រទេសនៅវិស័យទាំងអស់នេះ ។
ក្រៅពីការរៀបចំពិព័រណ៍ខាងលើ នៅក្នុងព្រឹត្តិការណ៍ដែរ គឺបានរៀបចំពិព័រណ៍វិស័យកាហ្វេ ម៉ាស៊ីន និងសម្ភារផ្គត់ផ្គង់គ្រាប់កាហ្វេលំដាប់ថ្នាក់លេខមួយនៅកម្ពុជា ក្នុងការបំពេញតម្រូវការទីផ្សារវិស័យកាហ្វេ ខណៈដែលវិស័យនេះកំពុងមានការរីកចម្រើន និងកំពុងពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ។
នៅក្នុងកម្មវិធីនេះដែរ លោក Andrew Siow នាយកក្រុមហ៊ុន AMB Events Group បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍វិស័យម្ហូបអាហារ ភេសជ្ជៈ និងវិស័យបដិសណ្ឋាកិច្ច ក៏មានការដាក់តាំងម៉ាកផលិតផលល្បីៗសម្បូរបែបដូចជា ផលិតផលម្ហូបអាហារ ផលិតផល ភេសជ្ជៈ សំភារៈផ្គត់ផ្គងសេវាកម្មម្ហូបអាហារ សំភារៈផ្គត់ផ្គងសណ្ឋាគារភោជ្ជនីយដ្ឋាន និងហាងកាហ្វេ ក៏ដូចជាបច្ចេក វិទ្យាចាំបាច់ក្នុងការប្រើប្រាស់ក្នុងវិស័យខាងលើនេះទាំងមូល ៕