(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេស២ រួមមានប្រទេសវ៉ូវ៉ាដា និងសាធារណរដ្ឋហ្គីណេ នៅតំបន់អាហ្វ្រិក បានផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃនេះ។
នេះគឺជាទស្សនកិច្ចមុនគេបង្អស់របស់ប្រមុខការទូតបរទេស ដែលមកកាន់ប្រទេសកម្ពុជា នៅក្រោយការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតទៅទៀត។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា, លោកស្រី ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ និងសហគមន៍អាហ្វ្រិកបូព៌ា នៃសាធារណរដ្ឋវ៉ូវ៉ាដា និងលោក ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្គីណេ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៩ ខែសីហានេះ។
កិច្ចប្រជុំនេះ នឹងផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអង្គការក្រុមប្រទេសនិយាយភាសាបារាំង និងការស្វែងយល់ការគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពលោកស្រី ល្វីស មុស៊ីគីវ៉ាបូជាអគ្គលេខាធិការអង្គការក្រុមនិយាយភាសាបារាំង ដែលការបោះឆ្នោតនឹងប្រព្រឹត្តទោនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ នៅប្រទេសអាម៉េនី។
សូមបញ្ជាក់ថា ក្រៅពីបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រី ល្វីស មុស៊ីគីវ៉ាបូ និងលោក ម៉ាម៉ាឌី ទូរ៉េ បានផ្តើមបំពេញទស្សនកិច្ចនៅក្នុងប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិនដូចជា៖ ឡាវ និងវៀតណាម ដើម្បីស្វែងរកគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដូចខាងក្រោម៖