(បន្ទាយមានជ័យ​)៖ ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា​-ថៃ​ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍​ ជ័យ​ បុប្ផា​ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ លោក ប៉ាស្កន​ វានិចស៊ីរី​ និងលោក​ អ៉ំ​ រាត្រី អភិបាលរងខេត្ត នៅថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០១៨​នេះ បានចុះទស្សនាមណ្ឌលព្យាបាល អ្នកញៀនជីវិតថ្មីភ្នំបាក់​ ដែលគ្រប់គ្រង​ដោយមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ខេត្ត​ ស្ថិតនៅសង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ​ លោក​ ភា​ មានិត​ អនុប្រធានមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ខេត្ត​ និងជាតំណាងគណៈគ្រប់គ្រងមណ្ឌល បានថ្លែងថា​ មណ្ឌលរបស់លោក​មកទល់បច្ចុប្បន្នបានព្យាបាល​ និងស្តារនីតិសម្បទា​ និងសមាហរណកម្មអ្នកញៀន ដែលបានជាសះស្បើយ បានជាង៤,៧០០នាក់ ក្នុងនោះស្រ្តី៣០១នាក់ហើយ។

ក្នុងឱកាសនោះ​ដែរ​ លោក​ អ៊ុ​ រាត្រី​ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបានបន្ថែមថា​ មណ្ឌលជីវិតថ្មីភ្នំបាក់បានព្យាបាលជនរងគ្រោះដោយសារគ្រឿងញៀនតាមរយៈការធ្វើចលនាលំហាត់ប្រាណ​ អប់រំចិត្តសាស្រ្ត​ ធ្វើពលកម្ម​ អនាម័យ​ លេងកីឡា​ និងបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម​ ចិញ្ចឹមមាន់​ ដាំបន្លែ​ ចឹញ្ចឹមត្រី​ កង្កែប​ ជ្រូក​ កែឆ្នៃផ្លែឈើ​ កាត់ដេរ​ក្រណាត់ជូតជើង​ និងកម្រាលជូតជើង។

ជាមួយគ្នានេះ​ លោក​ ប៉ាស្កន​ វានិចស៊ីរី​ បានថ្លែងនូវកោតសសើរដល់គណ:គ្រប់គ្រងមណ្ឌល ​និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានខិតខំធ្វើការអភិវឌ្ឍខ្លួនដើរទៅមុខ ក្នុងការផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន ឱ្យបានជាសះស្បើយ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍មូលដ្ឋានវិញ​ ក្លាយជាពលរដ្ឋល្អចូលរួមកសាងប្រទេសជាតិ។

ក្នុងថ្ងៃដដែលនោះ​ គណ:ប្រតិភូស្ថាប័នត្រួតពិនិត្យគ្រឿងញៀនទាំងពីរកម្ពុជា​-ថៃ​ បានបន្តដំណើរទៅទស្សនាប្រាសាទបន្ទាយឆ្មារ ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួក​ មានចម្ងាយ៦០គីឡូម៉ែត្រ ទីរួមខេត្តបន្ទាយមានជ័យ ដែលជាកេរដំណែលដូនតាបន្សល់ទុកជូនកូនខ្មែរ គ្រប់ជំនាន់គោរពបូជាតទៅផងដែរ​៕