(ភ្នំពេញ)៖ មន្ត្រីនគរបាលអន្តរាគមន៍ពិសេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ បានទាញកាំភ្លើងខ្លីម៉ាកកា៥៤មួយដើម បាញ់មេឃជិត១០គ្រាប់ បណ្ដាលឲ្យផ្ទុះលាន់ឮឡើងយ៉ាងកក្រើក នៅរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលជាន់ទី៣ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។

មន្ត្រីនគរបាលរូបនោះមានឈ្មោះ កែវ សុផល អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ ភូមិព្រៃទា។ គាត់បានប្រើប្រាស់កាំភ្លើងខ្លីម៉ាកា៥៤ ដោយបាញ់ជិត១០គ្រាប់ ហើយកាំភ្លើងនោះក៏ត្រូវបាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដកហូត និងរកឃើញគ្រាប់កាំភ្លើងចំនួន៤គ្រាប់ រួមជាមួយសំបកគ្រាប់ជាច្រើនទៀតផងដែរ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា នៅវេលាកើតហេតុខាងលើ ពួកគាត់បានឃើញបុរសរូបនេះ ឈរកាន់កាំភ្លើងនៅជាន់ទី៣ ក្នុងផ្ទះជួលខាងលើ បន្ទាប់មកស្រាប់បាញ់ឡើងលើ ជាច្រើនគ្រាប់តែម្ដង ដោយមិនដឹងថា គាត់មានវិបត្តិអ្វីឡើយ។ ពេលនោះ ដោយខ្លាចមានគ្រោះថ្នាក់ ពួកគាត់បាននាំគ្នារត់ចូលក្នុងផ្ទះទាំងព្រលឹងចុងសក់។

ក្រោយមក បន្ទាប់ពីឃើញកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់នាំខ្លួនបុរសនេះទើបពួកគាត់ហ៊ានចេញក្រៅផ្ទះវិញ។ បើតាមការសួរនាំជាជំហ៊ានដំបូងនោះ មន្រ្តីនគរបាលរូបនេះ បាននិយាយថា មូលហេតុដែលគាត់បាញ់ជិត១០គ្រាប់យ៉ាងដូច្នេះ ដោយសារគាត់បានយលសុបិន្តឃើញមនុស្សមួយក្រុមដេញវាយគាត់ និងចាប់វះពោះគាត់ ទើបបានជាមមើទៅទាញកាំភ្លើងបាញ់ យ៉ាងដូច្នេះ។

យ៉ាងណាក៏ដោយ នេះជាការឆ្លើយរបស់មន្រ្តីនគរបាលរូបនេះ តែសម្រាប់ចំណាត់ការបែបណានោះ រង់ចាំការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញសិន ខណៈកំពុងសួរនាំនៅអធិការដ្ឋាននគរបាល ខណ្ឌនៅឡើយ៕