(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការស្នើរបស់ឧបការីអាមេរិក ឲ្យកម្ពុជាដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិឲ្យនៅក្រៅឃុំនោះ គឺជាខុសទិសដៅ ដោយសារតែសមត្ថកិច្ចនេះ មិនឋិតនៅលើរាជរដ្ឋាភិបាលកម្ពុជានោះទេ ប៉ុន្តែវាជាដែនសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
ការថ្លែងបែបនេះរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីឧបការីរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Randall Schriver បានលើកឡើង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ដោយបានទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដែលជាប់ចោទករណីប្រព្រឹត្តិអំពើក្បត់ជាតិនោះ ដើម្បីឱ្យលោកមានសេរីភាពឡើងវិញ នៅក្រោយពេលបោះឆ្នោត។ ដោយឡែក អ្នកវិភាគនយោបាយមួយចំនួន ដែលមាននិន្នាការប្រឆាំង បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ អាចនឹងដោះលែងលោក កឹម សុខា នៅក្រោយការបោះឆ្នោត។
បើតាមលោក ផៃ ស៊ីផាន, ការសម្រេចឲ្យដោះលែង ឬមិនដោះលែងអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សនេះ មិនមែនជាដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនោះទេ តែជាដែនសមត្ថកិច្ចរបស់តុលាការ ដែលមានអំណាចដាច់ដោយឡែកត្រូវបានចែងដោយរដ្ឋធម្មនុញ្ញ។
លោកបានបញ្ជាក់ថា «ការស្នើសុំរបស់ឧបការីរូបនេះ ក្នុងការដោះលែងលោក កឹម សុខា និងអ្នកទោសមួយចំនួនទៀតនោះ គឺខុសទិសដៅមិនមែនឋិតនៅក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនោះទេ គឺជាដែនសមត្ថកិច្ចរបស់តុលាការ»។ លោកបន្តថា «ដោយឡែក ករណីរបស់លោក កឹម សុខា ករណីនេះ គឺកំពុងស្ថិតនៅក្នុងដំណើរការ នៃនីតិវិធីរបស់តុលាការ»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីសារព័ត៌មាន CBN អូស្រ្តាលី ចេញវីដេអូមួយបង្ហាញថា លោកបានអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ដែលជាអំពើក្បត់ជាតិ ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
ក្រោយការចាប់ខ្លួន តុលាការ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយលោក កឹម សុខា ក៏ត្រូវបានដាក់ពន្ធនាគារជាបណ្តោះអាសន្នផងដែរ៕