(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៨ ខែសីហានេះ បានអនុញ្ញាតលោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។
តាមរយៈលោកឯកអគ្គរដ្ឋទូត លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មបានយ៉ាងល្អប្រសើរ ហើយលោកសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឲ្យបានតែល្អប្រសើរថែមទៀត នាពេលអនាគត ពិសេសលើការផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងវិស័យជលផល និងវិស័យព្រៃឈើដោយផ្តោតជាសំខាន់ វារីវប្បកម្មសមុទ្រ និងទឹកសាប និងសហគមន៍ព្រៃឈើ ក្នុងបំណងបង្កើនប្រាក់ចំណូល ដល់សមាជិកសហគមន៍ទាំងនោះ ឲ្យកាន់តែល្អប្រសើរ។
លោកឯកអគ្គរដ្ឋទូត បានកោតសរសើរ ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនាពេលកន្លងមក ពិសេសលើវិស័យកសិកម្ម ហើយលោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ចំពោះលោករដ្ឋមន្រ្តី និងថ្នាក់ដឹងនាំក្រសួងគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយ រដ្ឋាភិបាលឥណ្ឌូនេស៊ីយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។
ក្នុងឱកាសបំពេញបេសកកម្មការទូតនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតសន្យាថានឹងខិតខំអស់លទ្ធភាព ដើម្បីធ្វើជួយជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងប្រទេសទាំងពីរឲ្យបាន់តែល្អប្រសើរមួយកម្រិតទៀត ហើយទាក់ទងនឹងសំណើដែលលោករដ្ឋមន្រ្តីបានលើកឡើង លោកឯកអគ្គរដ្ឋទូតសន្យាថា នឹងនាំយកសំណើនេះ ទៅពិភាក្សាជាមួយក្រសួង ឬស្ថាប័នពាក់ព័ន្ធ បន្ទាប់នឹងឈានទៅធ្វើការផ្លាស់ប្តូរមន្រ្តីជំនាញ ឬបង្កើតក្រុមការងារបច្ចេកទេស ដើម្បីស្វែងរកដំណោះស្រាយ៕