(ភ្នំពេញ)៖ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំហ្វឹកហាត់សមរបាំជាច្រើនគ្រប់ទម្រង់ ត្រៀមសម្រាប់ថ្ងៃស្អែក ដើម្បីឲ្យកូនខ្មែរប្រុសស្រីវ័យក្មេងប្រមាណជាង ១០០ នាក់ ចូលរួមបញ្ចេញសមត្ថភាព តាមរយៈការបង្ហាញនូវរបាំ បែបប្រពៃណី ជាច្រើនប្រភេទ ដែលទាក់ទងទៅនឹងការប្រឡងឯកទេសជំនាញ បញ្ចប់សញ្ញាប័ត្រសិល្បៈ និងស្មាតកបត្រសិល្បៈ។
កម្មវិធីហាត់សមខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៣ រោជ ខែទុតិយសាឍ ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ ព្រឹកមិញនេះ ដោយមានការចូលរួមយ៉ាងច្រើន ពីសំណាក់បេក្ខជនប្រឡង រួមជាមួយនឹងសាច់ញាតិ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅទីនោះ ជាពិសេសមានការចូលរួមពីសំណាក់លោក នាយកសាលាមធ្យមវិចិត្រសិល្បៈ ផងដែរ។
នាយិកាសាលាមធ្យមសិក្សាវិចិត្រសិល្បៈ អ្នកស្រី កែម សនសាងាំ បានអះអាងថា ការប្រឡងឯកទេសជំនាញបញ្ចប់សញ្ញាប័ត្រសិល្បៈ និងស្មាតកបត្រសិល្បៈ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៨ ស្អែកនេះ ដោយមានបេក្ខជនប្រឡងជាង១០០ នាក់ ចូលរួមបញ្ចេញសមត្ថភាព។ ការប្រឡងនៅថ្ងៃស្អែកនេះសិស្សទាំងអស់ យករបាំប្រពៃណីខ្មែរមួយចំនួនមកបង្ហាញមានដូចជា របាំបុរាណ «ឈួយឆាយបួងសួង» ដែលមានរយៈពេល ១២នាទី, របាំប្រពៃណី«ល្បុក្កតោ» មានរយៈពេល១២ នាទី , ល្ខោនយីកេ«មាយើង» មានរយៈពេល៣០ នាទី, សៀក «មហិទ្ធិឫទ្ធិនាគរាជ» មានរយៈពេល១២នាទី , ល្ខោននិយាយ «កំពង់ធំជំរុំចិត្ត» មានរយៈពេល ៧នាទី និងល្ខោនបាសាក់ «មរណមាតា» មានរយៈពេល៩០នាទី។
អ្នកស្រី កែម សនសាងាំ មានប្រសាសន៍ថា «កន្លងមកគឺយើងតែងតែធ្វើរៀងរាល់ឆ្នាំ ព្រោះសិស្សមានប្រឡងចេញ និងប្រឡងចូល។ ចំពោះការប្រឡងចេញ មានពីរបែប គឺទី១ ខាងសញ្ញាប័ត្រឌីប្លូម និង ទី២សញ្ញាប័ត្របាក់ឌុប ហើយពួកគាត់បញ្ចេញស្នាដៃទៅតាមចំណេះជំនាញដែលបានរៀនកន្លងមក។ ដោយក្នុងការប្រឡងនេះ ផងដែរ គេបែងចែក ជាផ្នែកៗ គឺល្ខោន មានប្រមាណជាង ៣០ នាក់ ហើយផ្នែករបាំ ប្រមាណ៥០នាក់ បូករួមទាំងជំនាញផ្សេងទៀត សរុប ជាង ១០០ នាក់»។
ជាមួយគ្នានេះផងដែរ នាយិកាសាលាមធ្យមសិក្សាវិចិត្រសិល្បៈ រូបនេះក៏បានប្រាប់ព័ត៌មានមួយចំនួន ជូនដល់មិត្តៗ យុវវ័យ ដែលមានបំណងចង់សិក្សានៅទីនេះ ហើយមិនបានដឹងពីចំណេះជំនាញ នោះ អ្នកស្រី ក៏បានបន្ថែមទៀតថា «ចំពោះសាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានបែកចែងជា ៥ ទម្រង់ មាន តន្រ្ដីកូរ៉ាល់ ឬចម្រៀងជាពួក, របាំតន្ដ្រីប្រពៃណីបុរាណ, សូន្យរូប, ល្ខោន និង សៀក។ ហើយ ចំពោះសិក្សានុសិស្ស ដែលបញ្ចប់ការសិក្សានៅទីនេះ គឺពួកគាត់ អាចបន្តការសិក្សាបន្តនៅថ្នាក់ឧត្ដម ដែលមានទីតាំងនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយអាចទទួលបានសញ្ញាប័ត្រ ទៅតាមឯកទេសចំនេះជំនាញ ដែលសិស្សបានសិក្សា រួមទាំងមុខវិទ្យាទូទៅ នៅសាលាវិចិត្រសិល្បៈ ពោលគឺមានភាពដូចគ្នាទៅនឹងការរៀននៅតាមសកលវិទ្យាល័យ»។
ថ្លែងក្នុងពិធីដដែល លោក វិន ឡៃជូ អគ្គនាយករងបច្ចេកទេសវប្បធម៌ និងជានាយកស្ដីទីសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ក៏បានបន្ថែមថា ក្រោយពីសិស្សបញ្ចប់ការសិក្សាសញ្ញាប័ត្របាក់ឌុប ដែលមានចំណេះជំនាញឯកទេសរៀងខ្លួន អាចយកទៅប្រកបរបរចិញ្ចឹមជីវិតបាន ហើយកន្លងមក មានសិស្សមួយចំនួនក៏មានឱកាសបានចេញទៅធ្វើការនៅក្រៅប្រទេស ទៀតផង។
ឆ្លៀតក្នុងឱកាសនេះលោកនាយកស្ដីទី ក៏សូមអំពាវនាវដល់ទ្រង់ឯកឧត្ដម លោកជំទាវ អ្នកនាងកញ្ញា និងពុកម៉ែបងប្អូន ទៅចូលរួមទស្សនាឲ្យបានច្រើនកុះករ ចំពោះការប្រឡងឯកទេសជំនាញបញ្ចប់សញ្ញាប័ត្រសិល្បៈ និងស្មាតកបត្រសិល្បៈ ដើម្បីចូលរួមជួយលើកស្ទួយ ក៏ដូចជាអភិរក្ស វិស័យសិល្បៈវប្បធម៌ដ៏ស្រស់ផូរផង់ប្រពៃណីខ្មែរ នៅលើឆាកអន្តរជាតិ នៅថ្ងៃស្អែកនេះ ។
ជាចុងក្រោយលោក សុំអំពាវនាវដល់ប្អូនៗមួយចំនួន ប្រសិនបើចង់សិក្សានៅ សាលាមធ្យមសិក្សាវិចិត្រសិល្បៈអាចមកចុះឈ្មោះបាន ព្រោះសាលានឹងបើកទទួលសិស្សថ្មីនៅខែក្រោយនេះហើយ ដែលមានទីតាំង នៅភូមិបឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕