Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុត គ.ជ.ប សម្រេចបន្ធូរបន្ថយការផាកពិន័យដល់បុគ្គល២នាក់ និងលើកលែងការចោទប្រកាន់២នាក់ សម្រាប់អ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងខេត្តបាត់ដំបង

08-08-2018 16:45

(ភ្នំពេញ)៖ ទីបំផុត ! គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀល​ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីសម្រេចមួយ ដោយតម្កល់សេចក្តីសម្រេចលេខ០០១ របស់ គ.ជ.ប ខេត្តបាត់ដំបង ក៏ប៉ុន្តែសេចក្តីសម្រេចក្រោយនេះបានធ្វើការកែសម្រួលការផាកពិន័យខ្លះ សម្រាប់បុគ្គល៥នាក់ ជាសមាជិក អតីតគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅក្នុងខេត្តបាត់ដំបង។

សេចក្តីសម្រេចរបស់ គ.ជ.ប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានធ្វើការសម្រេចដូចតទៅ៖

១៖ ឈ្មោះ ជា ជាវ ដែលជាអតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវផាកពិន័យ១០លានរៀលដដែល

២៖ ឈ្មោះ ថោង សារឿន និង ឈ្មោះ គ្រុយ គឹមសាំង ត្រូវបានបន្ធូរបន្ថយការផាកពិន័យពី១០លានរៀល មកនៅត្រឹម៥លានរៀល

៣៖ ចំណែកឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង ត្រូវបានលើកលែងការផាកពិន័យ។

ទោះជាយ៉ាងណា បើតាម លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការសម្រេចនេះ គឺដោះស្រាយតែបណ្តឹងពាក់ព័ន្ធនឹងតួនាទីរបស់ គ.ជ.ប ប៉ុណ្ណោះ ប៉ុន្តែចំពោះសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀត សម្រាប់បុគ្គលទាំងនោះ មិនមែនជាតួនាទីរបស់ គ.ជ.ប ទេ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានបើកសវនការជំនុំជម្រះ លើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។ បុគ្គលទាំង៥រូបដែលរងនូវការប្តឹងនេះសុទ្ធសឹងតែជាអតីតសមាជិក នៃអតីតគណបក្ស សង្រ្គោះជាតិ ក្នុងនោះរួមមានឈ្មោះ ជា ជីវ (អតីតតំណាងរាស្រ្ត), ថោង សារឿន, ម៉ាង ឈុន, ពៅ តាំង និង គ្រុយ គឹមសាំង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា បានសម្រេចធ្វើការផាកពិន័យជាទឹកប្រាក់ចំពោះសមាជិកអតីតគណបក្សប្រឆាំង ចំនួន៥នាក់ខាងលើនេះ ក្នុងម្នាក់ៗចំនួន១០លានរៀល ពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត ដែលបំផុសបំផុសដោយ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ៕