(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ចំពោះមន្ត្រីហៃអើរនិយម មានមុខតំណែងសុំលាលែងឱ្យហើយទៅ ទុកមុខតំណែងនេះឲ្យមន្ត្រីដែលសកម្ម ជាអ្នកធ្វើការងារម្តង។ លោកថា នឹងត្រៀមជ្រើសរើសមន្ត្រីថ្មី ឲ្យចូលបម្រើការងារនៅរាជបណ្ឌិតសភាកម្ពុជា ហើយលោកក៏ជាអ្នកមើលដោយផ្ទាល់ ដើម្បីជ្រើសរើសបានមន្ត្រីល្អៗ មន្ត្រីបម្រើការងារផងដែរ។
លោកបណ្ឌិត សុខ ទូច បានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកអញ្ជើញជាគណៈអធិបតី ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល១ឆ្នាំ និងទិសដៅការងារថ្មីរបស់រាជបណ្ឌិតសភាកម្ពុជា ដែលពិធីនេះដែរមានការចូលរួមពីមន្ត្រីបំរើការងារនៅក្នុងរាជបណ្ឌិតសភាកម្ពុជា ប្រមាណ១០០នាក់ផងដែរ ។
លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា ចំពោះមន្ត្រីហៃអើរនិយមនេះ មានទាំងមុខតំណែងសុំលាលែងឱ្យហើយទៅ ទុកមុខតំណែងឱ្យមន្ត្រីដែលសកម្មជាអ្នកធ្វើម្តង ដែលមន្ត្រីហៃអើទាំងអស់នេះ បើរាជបណ្ឌិតសភាជោគជ័យ លើកជោគជ័យ បើរាជបណ្ឌិតសភាបរាជ័យ ខ្លួនអត់ទទួលខុសត្រូវ ហើយថាមកពីថ្នាក់ដឹកនាំ មិនដែលចេះបន្ទោសខ្លួនឯងនោះទេ។ នេះហើយមន្ត្រីហៃអើរនិយម ហើយនៅពេលណារាជបណ្ឌិតសភាមានមុខមានមាត់ ពួកគេនឹងលេចមុខមកហើយ។
លោកបញ្ជាក់ថា នឹងត្រៀមជ្រើសរើសមន្ត្រីថ្មីៗ ហើយមន្ត្រីថ្មីៗនេះ គឺមិនមានអ្នកណាអាចមកប្រឡងជំនួស មិនមានអ្នកណាមកកែនោះទេ គឺលោកជាអ្នកមើលដោយផ្ទាល់ដើម្បីរើសបានមន្ត្រីល្អៗ មន្ត្រីបម្រើការងារ។
លោកបានបញ្ជាក់ធ្ងន់ៗទៀតថា «យើងត្រូវតែហ៊ានធ្វើការងារនេះ នៅក្នុងរាជបណ្ឌិតសភា មានអ្នកខ្លះ មានតំណែងដល់ប្រធាននាយកដ្ឋានមិនដែលមកនោះទេ ប៉ុន្តែមានវត្តមាន អ្នកខ្លះទៀត មានវត្តមានហើយ ស៊ីញ៉េហើយដើរចេញ អ្នកទាំងអស់នឹងត្រូវតែបញ្ចប់ បើខ្ញុំនៅទីនេះជាប្រធានបន្តទៀត ហើយការតែងតាំងមន្ត្រីកុំបារម្ភឱ្យសោះ ខ្ញុំមិនឱ្យខកចិត្តទេ ហើយមិនបាច់យកចិត្តខ្ញុំទេ យកចិត្តការងារវិជ្ជាជីវៈ បំពេញភារកិច្ចវិញទៅ មិនសំខាន់អ្នកនៅទីណានោះទេ សំខាន់អ្នកបំពេញការងារជាអ្នកស្រាវជ្រាវ ហើយខ្ញុំសង្ឃឹមថា ថ្ងៃនេះគឺជាការផ្ញើសារមួយ ទៅដល់មន្រ្តីជាង២០០នាក់ ឲ្យចេះគោរពសីលធម៌ ជាមន្ត្រីរាជការខ្លះផង»។
លោក បណ្ឌិត សុខ ទូច បានបញ្ជាក់ទៀតថា មន្ត្រីទ្រឹស្តីនិយមមានច្រើនណាស់ មានន័យថាមន្ត្រី ដែលចេះតែដើរបង្រៀនមួយជីវិតបង្រៀនតែមេរៀនដដែលៗ អត់ដែលធ្វើអ្វីថ្មីៗទេ ហើយមន្ត្រីទ្រឹស្តីនិយមគួរតែត្រូវបានបញ្ចប់ហើយ សូមឱ្យយកទ្រឹស្តីផ្សារភ្ញាប់នឹងការអនុវត្ត កុំយកតែរបស់គេមកហើយធ្វើដូចជាខ្លួនឯងនឹងពូកែនោះ ហើយចំពោះថ្នាក់ដឹងនាំគ្រួសារនិយមក៏គួរតែត្រូវបានកាត់បន្ថយផងដែរ៕