(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់បានចំនួន៤,១៤៣លានដុល្លារ កើនឡើង១១ភាគរយ ចំណែកឯផលិតផលកសិកម្មមានចំនួន២៧២លានដុល្លារ កើន៨ភាគរយ ខណៈការនាំចេញផ្សេងៗមានចំនួន១,៣៧៩លានដុល្លារ កើន១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
ការលើកឡើងរបស់លោក ប៉ាន សូរស័ក្ដិ ធ្វើឡើងនាឱកាសជួបសំណេះសំណាលជាមួយ បេក្ខជន បេក្ខនារី ជ័យលាភីកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជប៉ុន ឆ្នាំ២០១៨-២០២០ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ បានដាក់ចេញគោលនយោបាយបើកចំហទីផ្សារសេរី និងបានធ្វើសមាហរណកម្ម សេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក តាមរយៈការ
ចូលជាសមាជិកអាស៊ាន និងសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងសហគមន៍សេដ្ឋកិច្ចអាស៊ាន កាលពីចុងឆ្នាំ២០១៥។
លោករដ្ឋមន្រ្ដីបន្ដថា សមាហរណកម្មសេដ្ឋកិច្ចនេះ បានបើកច្រកទីផ្សារ នាំចេញកាន់តែទូលំទូលាយ សម្រាប់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ MFN, GSP, និង EBA ផ្តល់ដោយប្រទេសចំនួន៣២ នៅក្នុងពិភពលោក។
ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីធានាដល់ការលូតលាស់ នៃវិស័យឯកជន ដែលត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបី និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ NDSP ឆ្នាំ២០១៤-២០១៨។
ជាមួយការដាក់ចេញកម្មវិធីកំណែទម្រង់ផ្នែករដ្ឋបាល ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់តម្លាភាពសេវាសាធារណៈ ព្រមទាំងគោលនយោបាយ ដ៏មានប្រសិទ្ធភាពជាច្រើន ទាក់ទងកិច្ចសម្រួលពាណិជ្ជកម្ម និងការជំរុញវត្តមានផលិតផលខ្មែរ បានធ្វើឲ្យវិស័យពាណិជ្ជកម្មកម្ពុជា មានវឌ្ឍនភាពល្អប្រសើរ និងមានទំហំកើនឡើងជាបន្តបន្ទាប់ ។
លោក ប៉ាន ស័រស័ក្តិ បានលើកឡើងថា កាលពីឆ្នាំ២០១៧ កន្លងទៅក្រសួងពាណិជ្ជកម្ម ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍ទទួលបន្ទុកពាណិជ្ជកម្ម នៅក្នុងទីក្រុងហ្សឺណែវ ប្រទេស ស្វីស ដើម្បីដឹកនាំចរចារបៀបវារៈពាណិជ្ជកម្ម សំដៅទាញយកអត្ថប្រយោជន៍ផ្សេងៗ ជាពិសេសលុបបំបាត់របាំងពាណិជ្ជកម្ម មិនមែនពន្ធគយ សម្រាប់ផលិតផលនាំចូលពីប្រទេសកម្ពុជា។
បច្ចុប្បន្នក្រសួង បាននឹងកំពុងចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) រវាងអាស៊ាន និងប្រទេសដៃគូចំនួន៦ទៀត ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជាឲ្យបានកាន់តែទូលំទូលាយថែមទៀត។
លោករដ្ឋមន្ត្រី បានអះអាងទៀតថា ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងរៀបចំធ្វើបច្ចុប្បន្នភាព យុទ្ធសាស្ត្រសមាហរណកម្មកម្ពុជា(CTIS) ជំនាន់ទី៤ ឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណង ស្វែងរកនូវផលិតផលសក្តានុពលថ្មីៗ ដើម្បីអភិវឌ្ឍន៍ ខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មការ នាំចេញ ទៅកាន់គោលដៅទីផ្សារនានា។
លោករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ក្រសួងកំពុងអនុវត្តន៍គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដើម្បីផ្សារភ្ជាប់ផលិតផល របស់ប្រជាកសិករ ជាមួយនឹងទីផ្សារ ដោយផ្តោតសំខាន់លើផលិតផលចំនួន៥ រួមមាន៖ ស្រូវ, មាន់ស្រែ, បន្លែ, ដំឡូងមី និងសូត្រប្រណិត។
ទន្ទឹមគ្នានេះ ដើម្បីការពារអត្ថប្រយោជន៍វិស័យឯកជន និងអ្នកប្រើប្រាស់ ក្រសួងបាននឹងកំពុង ខិតខំជំរុញលិខិតបទដ្ឋានគតិយុត្ត នៅក្រោមវិស័យពាណិជ្ជកម្មដូចជា ច្បាប់ស្តីពីការធ្វើ ពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ច្បាប់ស្តីពី កិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្តីពី ការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ល។ ច្បាប់ទាំងអស់នេះ នឹងលើក ស្ទួយកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងប្រព័ន្ធពាណិជ្ជកម្ម សកលនាពេលអនាគត។
សូមជម្រាបថា កាលពីឆ្នាំ២០១៧កន្លងទៅ ការនាំចេញរបស់កម្ពុជាមានតម្លៃប្រមាណ ១១.២ប៊ីលានដុល្លារ កើនឡើង ៩.២ភាគរយ ធៀបនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់១០.២ប៊ីលានដុល្លារ។ រីឯការនាំចូលមានទំហំ ១៥.៥ពាន់លានដុល្លារ គឺបានកើន ៩.៨ភាគរយ ធៀបនឹង ១៤.១ពាន់លានដុល្លារ។
ទន្ទឹមនេះ ផលិតផលនាំចេញសំខាន់ៗ របស់កម្ពុជារួមមាន៖ វាយនភ័ណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, កាបូប, គ្រឿងបង្គុំអេឡិចត្រូនិក, ទោចក្រយានយន្ត, ផលនេសាទ, ជ័រកៅស៊ូ, ឈើកែច្នៃ, អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី ពោតក្រហម, សណ្តែកសៀង, ម្រេច, ផ្លែស្វាយស្រស់, ដូងប្រេង និងទំនិញកសិកម្មដទៃទៀត។ ចំណែកទីផ្សារធំៗរបស់កម្ពុជារួមមាន៖ សហគមន៍អឺរ៉ុប, អាម៉េរិក, កាណាដា, ជប៉ុន, ចិន និងអាស៊ានជាដើម៕