(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ ដោយមានការសម្របសម្រួលពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះឆែកឆេផ្ទះសំណាក់យីហោ «៥៩» ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចែកចាយ និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់ រួមទាំងវត្ថុតាង និងសម្ភារមួយចំនួន។
ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៩៖២៦នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្ទះសំណាក់យីហោ «៥៩» ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ញឹក សុគា អធិការរងស្រុកក្រគរ បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចំនួន៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ ទី១៖ ឈ្មោះ អៀ ប៊ុនលី «ហៅប៊ុន» ភេទប្រុស អាយុ៣០ឆ្នាំ , ទី២៖ ឈ្មោះ ង៉ែត ដា ភេទប្រុស អាយុ២២ឆ្នាំ និងទី៣៖ ឈ្មោះ ឃីម ដានី ភេទប្រុស អាយុ២១ឆ្នាំ ជនសង្ស័យជាមុខសញ្ញាចែកចាយទាំង៣នាក់ បច្ចុប្បន្ន រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការរងបន្តថា ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធគ្រឿងញៀន កម្លាំងដកហូតនូវវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ម៉ូតូម៉ាក ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N 7443 ចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន៥គ្រឿង លុយបរទេសចំនួន១០៦ដុល្លារ លុយខ្មែរចំនួន១០,៥០០០០រៀល កាបូបស្ពាយចំនួន១ បាឡូស្ពាយ ពណ៌ខ្មៅចំនួន១ និងសម្ភារសង្ស័យសម្រាប់ប្រើប្រាសគ្រឿនញៀនមួយកំប្លេផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង បាននាំយកទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធីច្បាប់៕