(ភ្នំពេញ)៖ ដោយមានការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញរួចមក នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ លោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំហ្គេមបាញ់ត្រីខ្លះ នៅតាមមូលដ្ឋានក្នុងខណ្ឌដូនពេញ នៅតែលួចបើកលេង បើទោះបីជាអាជ្ញាធរ តែងតែចាត់វិធានការជាបន្តបន្ទាប់ ដោយទីតាំងទាំងនេះ បានពង្វក់ក្រុមក្មេងសិស្សសាលា និងអាចជាប្រមូលផ្តុំទៅដោយបទល្មើស ក្នុងនោះភាគច្រើនជាគ្រឿងញៀន។
លោក ចាប ឌីណា បានដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្ក្រាបល្បែងហ្គេមបាញ់ត្រី នៅផ្ទះលេខ៣ ផ្លូវ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាល១ បានទូហ្គេមបាញ់ត្រីចំនួន០១ទូ និងផ្ទះលេខ៩៨ ផ្លូវ១៥ សង្កាត់ផ្សារកណ្តាល១ ដកហូតបានទូហ្គេមបាញ់ត្រី ចំនួន០២ទូផងដែរ។
លោក ចាប ឌីណា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា «បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីពលរដ្ឋថា ទីតាំងខាងលើមានហ្គេមបាញ់ត្រី រហូតមានក្មេងសិស្សសាលាទៀត នោះ លោកអភិបាលខណ្ឌ សុខ ពេញវុធ បានបញ្ជាឲ្យចុះទៅបង្ក្រាបជាក់ស្តែងតែម្តង»។
បើតាមនាយករដ្ឋបាលរូបនេះ សម្រាប់ប្រតិបត្តិការចុះទៅបង្ក្រាប កម្លាំងអាជ្ញាធរបានរឹបអូសបានទូហ្គេមបាញ់ត្រីចំនួន២ ហើយនៅពេលលោកចុះបង្ក្រាបនោះ សង្កេតឃើញមានក្មេងសិស្សសាលា បានចូលលេង ដោយមិនបានទៅចូលរៀននោះឡើយ៕