(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមជាមួយលោក លោកស្រីសមាជិក សមាជិការកាកបាទក្រហមខេត្ត និងយុវជន ស.ស.យ.ក បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ជន់លិចផ្ទះសម្បែងចំនួន៦៥គ្រួសារ ស្ថិតក្នុងឃុំមៀន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានឲ្យដឹងថា ទឹកទន្លេមេគង្គបន្តហក់ឡើងបណ្តាលឲ្យជន់លិចចូលក្រោមផ្ទះប្រជាពលរដ្ឋនៅឃុំមៀន ស្រុកអូររាំងឪ ចំនួន៦៥គ្រួសារ ក្នុងនោះ ជន់លិចស្រូវរដូវវស្សាចំនួន២៤២ហិចតា និងខូចខាតផ្លូវលំ១ខ្សែប្រវែង២៣០ម៉ែត្រផងដែរ។

លោក លី ឡេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ពិសេសប្រសាសន៍អំពាវរបស់សម្តេច ចំពោះអាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍សម្បុរអ្វីឡើយ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់ រហូតដល់ពេលទឹកស្រកទៅវិញ និងត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀងសម្ភារប្រើប្រាស់ជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ព្រោះថាផ្លូវថ្នល់ និងផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតអស់ផងដែរ។

លោក លី ឡេង បានលើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ ពិសេសពេលដែលបងប្អូនត្រូវការជាចាំបាច់នោះ គឺអំណោយដែលសាខាកាកបាទក្រហមខេត្ត ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ជន់លិចនេះ គឺអាចកាត់បន្ថយបាននូវទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ត្រូវបាត់បង់អាយុជីវិត ព្រោះគ្រោះមហន្តរាយទឹកជំនន់នោះឡើយ។

ក្នុងនាមអាជ្ញាធរខេត្ត លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៏បានក្រើនរំលឹក ដោយធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់នេះ ហើយត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសារទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីកន្លែងរស់នៅបានឲ្យស្អាត ដើម្បីជៀសឆ្ងាយការឆ្លងនូវជម្ងឺផ្សេងៗ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរពឹស ជាច្រើនផងដែរ ដូច្នោះត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹក ឬខាំ ត្រូវនាំទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបងប្អូនជាបន្ទាន់ដើម្បីព្យាបាលភ្លាម។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាឳកាសនោះ ក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម, ត្រីខ១០កំប៉ុង, មី១កេះ, ក្រណាត់ស១ដុំ, ឃីត១កញ្ចប់មាន សារ៉ុង១ ម៉ុង១ ភួយ១ ក្រមា១ ព្រមទាំងថវិការចំនួន ១ម៉ឺនរៀលផងដែរ៕