(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយស ដល់មន្ដ្រីនគរបាលជាតិ ចំនួន២៦នាក់ ចំណុះអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
ពិធីបំពាក់ឋានន្ដរស័ក្ដិនោះរួមមាន ថ្នាក់វរសេនីយ៍ឯក២នាក់, ថ្នាក់វរសេនីយ៍ត្រី៤នាក់, ថ្នាក់អនុសេនីយ៍ឯក៣នាក់, ថ្នាក់អនុសេនីយ៍ទោ៣នាក់, មេដាយប្រាក់ថ្នាក់ការពារជាតិ៤នាក់, មេដាយការងារថ្នាក់មាសម្នាក់, ថ្នាក់ប្រាក់ម្នាក់, សំរិទ្ធិ៣នាក់ និងប័ណ្ណសរសើរ៥នាក់។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងនគរបាលទូទាំងខេត្តកំពង់ឆ្នាំង និយាយដោយឡែក និងនិយាយជារួម ដែលបានចូលរួមថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណៈឲ្យបានល្អប្រសើរ ស្ងប់សាត់ មានតម្លាភាព យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨កន្លងទៅនេះ។
នាយឧត្តមសេនីយ៍អគ្គស្នងការរងរូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ នាពេលកន្លងមក សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សង្គម មានលក្ខណៈស្ងប់ស្អាត់ល្អប្រសើរ មិនមានបាតុភាពអ្វីកើតឡើង ក្នុងភូមិសាស្រ្តទូទាំងខេត្តកំពង់ឆ្នាំង ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលនៃកម្ពុជា។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍៕