(ស្វាយរៀង)៖ យ៉ាងហោចណាស់ក្រុមកម្មករ-កម្មការិនីរោងចក្រផលិតអំពូលភ្លើង «សេង យ៉ាវ» ប្រមាណ១៤០០នាក់ មិនព្រមចូលបម្រើការងារ ដោយបន្តធ្វើកូដកម្មអស់រយៈពេលពីរថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី៧-៨ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រោះតែថៅកែរោងចក្រកាត់ប្រាក់ខែ ក្នុងថ្ងៃបោះឆ្នោត២ថ្ងៃ និងទាមទារលក្ខខណ្ឌមួយចំនួនផងដែរ។
តំណាងកម្មករបម្រើការនៅរោងចក្រខាងលើ បានឲ្យដឹងថា ការធ្វើកូដកម្មនេះ ដោយសារពួកគាត់ទាមទារឲ្យខាងថៅកែរោងចក្រនូវលក្ខខណ្ឌ១៣ចំណុច តែករណីសំខាន់មានតែ៤ចំណុចទេ ដែលក្រុមកម្មករចង់បានរូមមាន៖
ទី១៖ សុំឲ្យជ្រើសរើសសហជីពដោយខ្លួនឯងក្នុងរោងចក្រ
ទី២៖ សុំដោះស្រាយរឿងកាត់លុយរយៈពេល២ថ្ងៃ គឺថ្ងៃបោះឆ្នោត
ទី៣៖ សូមកុំឲ្យក្រុមហ៊ុនធ្វើខុសនឹងគោលការណ៍ច្បាប់កំណត់ ដូចជា ថ្ងៃចូលពិធីសំណេះសំណាលជាមួយលោកស្រី ម៉ែន សំអន។ ក្រុមហ៊ុនឲ្យតែកម្មករពេញសិទ្ធិទៅចូលរួម ចំណែកកម្មករមិនពេញសិទ្ធិ មិនអនុញ្ញាតឲ្យទៅចូលរួម ហើយកាត់ប្រាក់ឈ្នួលថែមទៀត។
បើតាមក្រុមកម្មករ លក្ខខណ្ឌចំនួន១០ទៀតរួមមាន៖
ទី១៖ កុំគាបសង្កត់កម្មករពេលថែម៉ោង
ទី២៖ សូមកុំបញ្ឈប់កម្មករដោយគ្មានមូលហេតុ
ទី៣៖ សូមឲ្យក្រុមហ៊ុនដោះស្រាយបញ្ហាដូចជា៖ បញ្ហាសុខភាព ថ្នាំពេទ្យ បន្ទប់ទឹក បង្គន់មិនស្អាត
ទី៤៖ សូមឲ្យក្រុមហ៊ុនបន្ថយចំនួនសម្ភារផលិត
ទី៥៖ សូមលុយជំនាញបន្ថែម
ទី៦៖ សូមឲ្យក្រុមហ៊ុនផ្ដល់លុយសុខភាព
ទី៧៖ ស្នើសុំកម្មករជំនាញធ្វើការបាន២ខែ សុំចូលជាកម្មករពេញសិទ្ធិ
ទី៨៖ សូមក្រុមហ៊ុនអនុញ្ញាតឲ្យកម្មករប្រើប្រាស់ ការឈប់សម្រាកប្រចាំឆ្នាំនៅមានធុរៈផ្សេងៗ
ទី៩៖ សូមឲ្យក្រុមហ៊ុនអនុញ្ញាតច្បាប់កម្មការិនីមានផ្ទៃពោះ ទៅពិនិត្យសុខភាព១ម្ដង ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល
ទី១០៖ ពេលបញ្ឈប់កម្មករចេញពីការងារ សូមឲ្យបើកប្រាក់ឈ្នួល មិនឲ្យលើសពី៤៨ម៉ោង និងក្រុមហ៊ុនធ្វើការបន្ថែមម៉ោងនៅថ្ងៃសៅរ៍ និងថ្ងៃចុងខែ។
ពាក់ពន្ធ័និងករណីនេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺណាមួយ ពីថៅកែរោងចក្រក៏ដូចជា រដ្ឋបាលរោងចក្រ «សេង យ៉ាវ»បានទេ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ៕