(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅភូមិពាមគ្រែង និងភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំមានការសប្បាយចិត្តរីករាយដោយ សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមបើកការដ្ឋានការស្តារប្រឡាយឡើងវិញមួយខ្សែរ ប្រវែង៣.២៨៣ម៉ែត្រ និងក្រាលគ្រួសក្រហម លើខ្នងទំនប់ ប្រវែង៩៤០ម៉ែត្រ ដាក់លូទោលមុខ១០០ ចំនួន៣កន្លែង លូទោលមានសន្ទះទឹកមុខ១០០ ចំនួន១កន្លែង និងលូភ្លោះមុខ១០០ ចំនួន២កន្លែង ដែលត្រូវចំណាយទឹកប្រាក់ជាង៣ម៉ឺនដុល្លាអាមេរិក របស់គម្រោងកាត់បន្ថយភាពងាយរងគ្រោះ នៃជីវភាពរបស់ប្រជាជនកម្ពុជា នៅជនបទ តាមរយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព (SRL Project) នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ។
លោក សុខ លូ បានថ្លែងថា គម្រោង SRL បាននឹងកំពុងអនុវត្តនៅខេត្តកំពង់ធំរយៈពេល០៤ឆ្នាំ (២០១៧-២០២០) ក្នុងស្រុកគោលដៅ ចំនួនប្រាំរួមមាន៖ ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទបល្ល័ង្ក ស្រុកសណ្តាន់ និងស្រុកសន្ទុក ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋតាមជនបទ ដោយធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រខ្នាតតូច ធននឹងការប្រែប្រួលអាកាសធាតុ។ ហើយគម្រោងនេះ ផ្តោតសំខាន់ទៅលើការគាំទ្រឃុំ-ស្រុក ក្នុងការរៀបចំផែនការបន្សុំា នឹងការប្រែប្រួលអាកាសធាតុ រៀបចំចងក្រងក្រុមកែលម្អជីវភាព ក្រុមសន្សំប្រាក់ ក្រុមប្រើប្រាស់ទឹក និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កសិករ។
លោកអភិបាលខេត្ត បន្ថែមទៀតថា អ្នកទទួលផលប្រព័ន្ធធារាសាស្ត្រខ្នាតតូច ពីគម្រោងនេះ មានគ្រួសារសរុបចំនួន៤៨៦គ្រួសារ ក្នុងចំណោមប្រជាជនសរុបចំនួន២.៤៣៧នាក់ អាចមានទឹកគ្រប់គ្រាន់សម្រាប់បង្ករបង្កើនផលធ្វើស្រែប្រាំងបានយ៉ាងងាយស្រួល និងទទួលប្រាក់ចំណូលកើនឡើង ធ្វើឱ្យពួកគាត់មានជីវភាពមានការរីកចម្រើន និងឈានទៅរកការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
មុននឹងបញ្ចប់លោក សុខ លូ បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីប្រឡាយនេះ សូមចូលរួមថែរក្សា និងប្រើប្រាស់ប្រឡាយទឹកនេះ ប្រកបដោយការចែករំលែក និងប្រសិទ្ធភាព ប្រែក្លាយតំបន់នេះ ជាកន្លែងគំរូ ក្នុងការផលិតកម្មស្រូវអង្ករ ទទួលបានទិន្នផលកើនឡើងជាបន្តបន្ទាប់។
នៅក្នុងពិធីនេះផងដែរ ប្រជាពលរដ្ឋមានក្តីសប្បាយរីយរាយឥតឧបមារ និងថ្លែងអំណរគុណជាពន្លឹក ចំពោះថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍៕