(ព្រះវិហារ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ភូមិបង្កននិងភូមិស្រែ ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងប្រឈមបញ្ហាទឹកជំនន់ ដោយសារទឹកអូរបានហក់ឡើងខ្លាំង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។
លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ២០គ្រួសារ រស់នៅភូមិបង្កន និងភូមិស្រែ ឃុំរៀបរយ ស្រុករវៀង បានរងគ្រោះដោយទឹកជំនន់ ដោយសារទឹកអូរហក់ឡើងខ្លាំង បណ្តាលឲ្យលិចក្រោមផ្ទះ និងផ្លូវនានាក្នុងភូមិ ដែលករណីទឹកជំនន់យ៉ាងគំហុកនេះកើតឡើង គឺបណ្តាលមកពីរទឹកជន់នៅអូរឡង់ និងអូរលួច ប៉ុន្តែប្រជាពលរដ្ឋរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយសង្រ្គោះរកទីទួលសុវត្ថិភាពហើយ។
លោកអធិការស្រុក បានឲ្យដឹងទៀតថា ទឹកអូរដែលបណ្តាលឲ្យជន់លិចភូមិប្រជាពលរដ្ឋនេះ គឺបណ្តាលមកពីទឹកភ្លៀង មិនមែនបណ្តាលមកពីទឹកស្ទឹងសែននោះទេ ដូច្នេះបើសិនជាមិនមានភ្លៀងធ្លាក់ខ្លាំង ក៏ទឹកអូរមិនឡើងជន់លិចភូមិប្រជាពលរដ្ឋបែបនេះឡើយ។ ប៉ុន្តែទោះជាយ៉ាងណាលោក សាយ ដេត បានបញ្ជាក់ទៀតថា គិតត្រឹមមកដល់ពេលនេះ ទឹកចាប់ផ្តើមស្រកបន្តិចម្តងៗហើយ។ ប៉ុន្តែលោកនឹងដឹកនាំកម្លាំងចុះទៅទីនោះប្រចាំការ ដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋ បើមេឃនៅតែបន្តធ្លាក់ភ្លៀងទៀត៕