(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ ត្រូវបានប្រកាសឲ្យកាន់មុខតំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងជំនួសលោក ហ៊ូ វតនៈ ដែលចូលនិវត្តន៍។
ពិធីនេះបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ លោក លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ែន វិបុល អភិបាលខេត្ត និងអស់លោកលោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
ថ្លែងនៅក្នុងពិធីនោះ លោក ប៉ាវ ហមផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ជាពិសេស ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើការកសាង និងកែលម្អសោភ័ណភាពក្នុងបរិវេណសាលាខេត្តបានយ៉ាងល្អប្រសើរផងដែរ។
ទន្ទឹមនេះ លោករដ្ឋលេខាធិការ ក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្ត ដែលទើបទទួលការតែងតាំងមុខតំណែងថ្មីត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត។
ដោយឡែក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធគ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ ជាមួយប្រទេសជិតខាងដើម្បីរួមគ្នាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទផងដែរ៕