(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានលើកឡើងថា បច្ចុប្បន្ននេះ តួសំណង់វិមានឈ្នះ-ឈ្នះ បានសាងសង់ជិតរួចរាល់ហើយ នឹងសង្ឃឹមថា ការសាងសង់នឹងត្រូវបញ្ចប់ដូចការគ្រោងទុក ខណៈតួវិមានទាំងកសាងជិតរួចរាល់ហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេច អមដំណើរដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អនុប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រួមជាមួយក្រុមការងារបន្តចុះត្រួតពិនិត្យការសាងសង់ វិមានឈ្នះ-ឈ្នះផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ដូចនេះត្រូវកិច្ចការមួយចំនួន ដែលត្រូវជំរុញបន្ថែមទៀត ហើយយើងមើលការងារខ្លះ ដែលអាចបំពេញបាន គឺយើងបំពេញឱ្យវាដុះឡើងមក ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាដែលកិច្ចការនេះវាសំខាន់ណាស់ ដែលត្រូវទៅតាមប្រតិទិនការងារ ដែលអ្វីដែលយើងត្រូវថែម អ្វីដែលយើងកក់ក្ដៅហើយ គឺយើងឱ្យវាដំណើរទៅនិង បរិមាណការងារសល់ច្រើន គឺយើងអាចប្រមូលកម្លាំងបន្ថែម ដើម្បីឱ្យទាន់ដែលត្រូវបើកសម្ពោធនៅថ្ងៃទី២៩ នោះ»។
ប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បានបន្តថា ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺយើងត្រូវការពេលវេលា ហើយយើងក៏បានធ្វើរួចជាស្រេច ក្នុងការរលឹកទិវា២០ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ និងកិច្ចការដែលបន្សល់ទាំងប៉ុន្មាននេះជាក់ស្តែងថ្ងៃ ថ្ងៃនេះយើងបាននាំគ្នាមកត្រួតពិនិត្យមើលការងារដែលនៅសេសសល់ ដើម្បីជំរុញឱ្យបានលឿន តាមកាលបរិច្ឆេទដែលបានកំណត់។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបន្ថែមទៀតថា សម្រាប់ការងារសំណង់មិនសូវជាចោទប៉ុន្មាននោះទេ ប៉ុន្តែពាក់ព័ន្ធទៅលើរចនាបទ ទាំងឡាយដែលយើង កំពុងតែគិតគូរយកមកលម្អនៅលើវិមានទាំងមូលនេះ គឺត្រូវតែគិតគូរយ៉ាងម៉ត់ចត់ ដើម្បីស្របនឹងអត្ថន័យ និងស្របតាមកិច្ចការដែលយើងចង់បាន និងស្របតាមគោលនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវីរៈជនស្នេហាជាតិមួយទៀត ដើម្បីអ្នកសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋដែលចូលមកទស្សនាបានមើលឃើញពីទិដ្ឋភាពទាំងស្រុង នៅក្នុងវិមាននេះផងដែរ។
ប្រធានគណៈកម្មការវិមានឈ្នះ-ឈ្នះ បានបញ្ជាក់ថា ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
សូមរំឭកថា ស្តូបវិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ពុំមានទាក់ទងនឹងថវិការដ្ឋនោះឡើយ។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ។
បើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអនុប្រធានគណៈកម្មការសាងសង់ បានថ្លែងថា រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាននេះ គឺបានឆ្លាក់រួចរាល់ហើយ ដែលនៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះ-ឈ្នះ ដែលរូបចម្លាក់នេះ ទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀត ទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ រូបចម្លាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះ-ឈ្នះ មានដូចជា រូបចម្លាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ៕