(ភ្នំពេញ)៖ បេក្ខជន-បេក្ខនារីដែលនិយមចូលចិត្ត លេងបណ្តាញទំនាក់ទំនងសង្គមចំនួយ ៨នាក់ ត្រូវបានប្រកាសផ្តល់ឱកាសនិងចេញមុខក្នុងក្រុមហ៊ុន ៨៨ ដែលជាក្រុមហ៊ុនគ្រប់គ្រង តារាល្បីឈ្មោះក្នុងបណ្តាញអ៊ីនធើណេតដំបូងគេនៅកម្ពុជា។ ការប្រកាសចេញមុខតារាទាំង៨រូបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃពិសេសគឺថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ដែលចំថ្ងៃនៃការបើកដំណើរការផ្លូវការ របស់ក្រុមហ៊ុន៨៨ នេះផងដែរ។
ចំពោះតារាល្បីឈ្មោះ លើបណ្តាញទំនាក់ទំនងសង្គមទាំង ៨រូបដំបូង ដែលត្រូវបានធ្វើការជ្រើសរើស និងផ្តល់ឱកាសនោះរួមមាន លោក សេង ហួរ, លោក យក់ ឆេងហាក់, កញ្ញា សាឌី, កញ្ញា សូហ្វី, កញ្ញា ណាកា, កញ្ញា ជីមី និងលោក ឆេកគី ។ បើតាមការឲ្យដឹងពីកញ្ញា លាង ជា ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន៨៨ បានបញ្ជាក់ថា ក្រុមហ៊ុន៨៨ នឹងក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលធ្វើការគ្រប់គ្រងផ្គត់ផ្គង់ជនល្បីលើបណ្តាញសង្គម (influencer) ដូចជាក្នុង Facebook Instagram និង Social Media ដទៃទៀត។
អ្នកគ្រប់គ្រងក្រុមហ៊ុន៨៨រូបនេះបានលើកឡើងទៀតថា អំឡុងក្នុងឆ្នាំ២០១៧-២០១៨នេះ គេសង្កេតឃើញមានក្រុមហ៊ុនធំៗ ពិសេសឈ្មោះហាងម៉ាកយីហោល្បីៗលំដាប់អន្តរជាតិច្រើន បានប្រកាសបើកដំណើរការនៅកម្ពុជា ដែលនេះ គឺជាឱកាសសម្រាប់ពង្រីកទីផ្សារបស់ពួកគាត់ ហើយក្រុមហ៊ុន នឹងអាចជួ យឲ្យពួកគាត់កាន់តែមានជំនាញ គំនិតច្នៃប្រឌិត និងប្រសិទ្ធភាពការងារកាន់តែខ្ពស់បន្ថែមទៀត បួករួមទាំងការផលិត Spot ពាណិជ្ជកម្ម វីដេអូផ្សព្វផ្សាយប្រកបដោយគុណភាព និងទទួលបានការពេញចិត្តពីអតិថិជន និងអ្នកគាំទ្ររបស់ពួកគេ។
កញ្ញា លាង ជាបានបន្ថែមថា សព្វថ្ងៃក្រុមហ៊ុនបែបនេះ បាននឹងកំពុងទទួលបានជោគជ័យខ្លាំងនៅបរទេស ហើយនិន្ទាការនៃតម្រូវការទីផ្សាររបស់ពួកគាត់ ក៏កំពុងតែមានការកើនឡើង នៅកម្ពុជាផងដែរ ព្រោះចំណុចដែលខុសប្លែករបស់ Influencer គឺគាត់មិនត្រឹមតែមានការគាំទ្រច្រើននោះទេ តែគាត់អាចបង្រៀនដល់អ្នកដទៃ ឱ្យចេះអ្វីៗដែលថ្មី និងជឿនលឿនក្នុងរបត់សង្គមថ្មីនេះ។
សូមបញ្ជាក់ថា ដោយមើលឃើញពីទីផ្សារតម្រូវការនៃការផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គម បច្ចុប្បន្នកាន់តែមានសន្ទុះ និងការរីកចម្រើនខ្លាំង ទើបក្រុមហ៊ុន៨៨ ត្រូវបានបង្កើតឡើង ដើម្បីធ្វើការគ្រប់គ្រង ប្រមូល និងផ្គត់ផ្គង់នូវតម្រូវការទាំងនេះ។ ម្យ៉ាងទៀតក្រៅពីតារាល្បីឈ្មោះទាំង ៨រូបខាងលើ ក្រុមហ៊ុនក៏នឹងប្រកាសដាក់បញ្ចូលនូវតារាថ្មីៗ ល្បីឈ្មោះ នៅកម្ពុជាជាច្រើនទៀត ដើម្បីចូលរួមសហការការងារថ្មីនេះ ឲ្យកាន់តែរលូន៕